(ស្រីលង្កា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសស្រីលង្កា បានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិចចំនួន៩១នាក់​បាន​បាត់បង់ជីវិត និងប្រមាណជា១១០នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារដោយគ្រោះទឹកជំនន់និងរអិល​បាក់​ដី ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញមកម្ល៉េះនោះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានបារាំង AFP នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅតាមតំបន់មួយចំនួននៃ​ប្រទេសស្រីលង្កា បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ​មក ស្របពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បាននិងកំពុងឈានចូលដល់រដូវភ្លៀង។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលស្រីលង្កា​ក៏បានបញ្ជូនកម្លាំងដើម្បីជួយសង្រ្គោះនៅតាមតំបន់រងគ្រោះ ក៏ដូចជាតាមបន្តស្វែងរកជនដែលបានបាត់ខ្លួនផងដែរ៕