(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ បានធ្វើការចាប់ឃាត់ខ្លួនមនុស្សចំនួនបីនាក់ ក្រោមបទសង្ស័យថាអាចមានជាប់​ពាក់ព័ន្ធនឹង ករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមភេរវករ ISIS កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលបានផ្តាច់យក​ជីវិតមន្រ្តីប៉ូលិសឥណ្ឌូណេស៊ីចំនួនបីរូប និងបានបណ្តាលឲ្យមនុស្សប្រមាណជា១២នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ស្រាលនៅ​ឯ​រដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងហ្សាការតាលោក Yusri Yunus បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងចាប់បាន​មនុស្ស​ចំនួន​បី​នាក់ ដែលអាចមានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកក្នុងសប្តាហ៍នេះ នៅទីតាំងចំនួនបីខុសគ្នានារសៀលថ្ងៃព្រហស្បតិ៍​ម្សិល​មិញនេះ​​»។ យោងតាមលោក Yusri កងកម្លាំងពិសេសប្រឆាំងភេរវកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឃាត់ខ្លួន​បុរស​ចំនួនពីរនាក់ នៅក្នុងទីក្រុង Bandung លើកោះ Java និងជនទីបីនៅក្រុង Cimahi ដែលនៅក្បែរខាងគ្នា ហើយប៉ូលិសកំពុងបន្តធ្វើការ​ឆែកឆេរផ្ទះរបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃ​ពុធសប្តាហ៍នេះ ជនបំផ្ទុះគ្រាប់បែក​អត្តឃាតចំនួនពីរនាក់ បានធ្វើការ​វាយប្រហារ​ទៅលើចំណត​រថយន្ដ​​ក្រុង Kampung Melayu នៃរដ្ឋធានីហ្សាការតា​ចំនួនពីរ​លើកបន្ត​បន្ទាប់គ្នា នាវេលាម៉ោង​ប្រហែល ៩៖០០នាទីយប់ (ម៉ោង​ក្នុង​​តំបន់​​កើត​ហេតុ) ហើយនាព្រឹកថ្ងៃសុក្រនេះ ទីភ្នាក់ងារព័ត៌មានរបស់ក្រុម ISIS បានចេញផ្សាយថា ខ្លួនគឺជាអ្នករៀបចំផែនការដ៏ខ្មៅងងឹតនេះ៕