(វ៉ាស៊ីនតោន)៖ យានអវកាស Juno ដែលកំពុងស្ថិតនៅ និងបន្តការសិក្សាស្រាវជ្រាវទៅលើភពព្រហស្បតិ៍ (Jupiter) បានផ្តិតយករូបភាពខ្យល់ព្យុះធំៗទំហំប៉ុនភពផែនដី នៅប៉ូលទាំងសងខាងនៃភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយឍ ស្តីពីការចេញផ្សាយសមិទ្ធិផលវិទ្យាសាស្រ្តនៃបេសកម្ម Juno មន្រ្តីអង្គការ NASA លោក Scott Bolton បានឲ្យដឹងថា ការហោះកៀកទៅជិតនឹងភពព្រហស្បតិ៍ របស់យានអវកាស Juno នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញអំពីចង្កោមនៃខ្យល់ព្យុះដ៏ក្រាស់ឃ្មឹក កំពុងកួចនៅលើប៉ូលទាំងសងខាងរបស់ Jupiter ដែលជាភពមានដែនម៉ាញេទិចដ៏សែនធំលើសពីការរំពឹងទុក។
លោក Bolton បានបន្តថា រូបរាងនៃខ្យល់ព្យុះធំៗប៉ុនផែនដីទាំងនោះ ដែលបង្ហាញនៅលើប៉ូលខាងជើង និងខាងត្បូងរបស់ភពព្រហស្បតិ៍ បានបណ្តាលឲ្យក្រុមអ្នកវិទ្យាសាស្រ្តអន្ទះអន្ទែងចង់បានចម្លើយ និងពោរពេញដោយការងឿងឆ្ងល់ជាច្រើន។
មួយវិញទៀតការវាស់ស្ទង់ទៅលើដែនទំនាញ នៃភពឧស្ម័នយក្សមួយនេះ បានស្តែងឲ្យឃើញថា ដែនម៉ាញេទិចរបស់ Jupiter មានឥទ្ធិពលខ្លាំងក្លាហួសពីអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានរំពឹងទុក (ខ្លាំងជាងព្រះអាទិត្យទៀត) និងមានរូបរាងប្រែប្រួលមិនទៀតទាត់ ក៏ដូចជាមានអនុភាពឆ្ងាយជាងដែនម៉ាញេទិចរបស់ផែនដីដល់ទៅប្រមាណ ១០ដងឯណោះ។
គួរបញ្ជាក់ថា យានអវកាស Juno ដែលមានតម្លៃជាងមួយពាន់លានដុល្លារ និងបំពាក់ដោយឧបករណ៍ទំនើបៗជាច្រើន ជាពិសេសគឺកាមេរ៉ា JunoCam ដ៏គ្មានគូប្រៀបនោះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ក៏បានធ្វើដំណើរចូលទៅដល់គន្លងនៃភពព្រហស្បតិ៍ ជាភពដ៏ធំ និងចាស់ជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលប្រៀបបាននឹងបាល់ឧស្ម័នយក្សដ៏ធំមហាសាលមួយគ្រាប់ ដែលស្ថិតនៅក្នុងគន្លងគោចរដោយសារតែកម្លាំងទំនាញ៕