(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើផែនការនយោបាយ០៤ចំណុច ស្ដីពីកូរ៉េខាងជើងក្នុងនោះរួមមានទំាងការដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់ទម្រង់ទំាងអស់ លើរបបដឹកនាំរបស់ លោក គីម ជុងអ៊ុន។ នេះបើតាមប្រភពពីតំណាងរាស្ត្រកូរ៉េខាងត្បូង លោក Kim Kwan-young ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក គីម ខ្វានយាំង (Kim Kwan-young) ធ្វើឡើងបន្ទាប់ពីលោក និងអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងមួយក្រុម បានជួបពិភាក្សាការងារជាមួយអ្នកតំណាងពិសេសអាមេរិក សម្រាប់កិច្ចការកូរ៉េខាងជើង លោក Joseph Yun ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍។
លោក គីម បានបញ្ជាក់ដោយយោងលើសម្ដីលោក Joseph Yun យ៉ាងដូច្នេះថា «ប្រធានាធិបតីមេរិក បានអនុម័តលើផែនការនយោបាយ ០៤ចំណុច ទាក់ទិននឹងកូរ៉េខាងជើង ក្នុងនោះមានការមិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ, ដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់ ទម្រង់, មិនស្វែងរកការផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន និងដោះស្រាយបញ្ហាតាមផ្លូវការទូត ឬកិច្ចសន្ទនា។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកលើផែនការ ០៤ចំណុចនេះរដ្ឋបាល លោក ត្រាំ នឹងមិនប្រើប្រាស់កម្លាំងយោធាជាជម្រើសដោះស្រាយបញ្ហា ជាមួយទីក្រុងព្យុងយ៉ាងនោះទេ ហើយនេះក៏មិនខុសគ្នាប៉ុន្មានដែរទៅនឹងយុទ្ធសាស្ត្រ នៃអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានប្រើ នោះគឺគោលនយោបាយអត់ធ្មត់ ដែលលោក ត្រាំ ខ្លួនឯងបាននិយាយថា គ្មានបានផល ហើយការអត់ធ្មត់នឹងកូរ៉េខាងជើង ប្រើការលែងកើតទៀតហើយ៕