(អង់ការ៉ា)៖ កងកម្លាំងសន្តិសុខតួកគី បានសម្លាប់ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើដ PKK ២៩នាក់ នៅក្នុងប្រតិបត្តិការមួយ នៅឯតំបន់ភ្នំភាគខាងកើតនៃខេត្ត Agri និងខេត្ត Van។ នេះបើតាមសម្តីមន្ត្រីនៅក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ក្រុមមន្ត្រីដដែលបានឱ្យដឹងទៀតថា កងទ័ពតួកគី០៣នាក់ និងឆ្មាំការពារម្នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនេះដែរ នៅក្នុងប្រតិបត្តិការវាយលុក ដែលធ្វើឡើងនៅតំបន់ភ្នំ Tendurek ស្ថិតនៅតាមណ្ដាយព្រំដែននៃខេត្តទំាងពីរ ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងកងកម្លាំងរដ្ឋាភិបាលតួកគី និងក្រុមសកម្មប្រយុទ្ធ PKK ត្រូវបានលុបចោលកាលពីខែកក្កដា ឆ្នាំ២០១៥ រីឯ តំបន់នៅភាគអាគ្នយ៍នៃប្រទេស សម្បូរដោយជនអម្បូរឃើដ បានស្គាល់ភាពវឹកវរ និងអំពើហិង្សាចាប់តាំងពីឆ្នាំ១៩៨៤មកម្លេះ។ មួយវិញទៀត គិតមកទល់ពេលនេះ មនុស្សច្រើនជាង ៤០,០០០នាក់ហើយ ភាគច្រើនជាជនអម្បូរឃើដ បានស្លាប់នៅក្នុងជម្លោះរវាងកងកម្លាំងតួកគី និងក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលត្រូវបានទីក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមអង្គការភេរវករ៕