(ប៉េកាំង)៖ អតីតទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់ស្វយ័តម៉ុងហ្គោលី (ខេត្តចិនជាប់ប្រទេសម៉ុងហ្គោលី) នៃភាគខាងជើងប្រទេស ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការកំពូលចិន ជុំវិញបទល្មើសទទួលសំណូកសូកប៉ាន់ និងមនុស្សឃាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
លោក Zhao Liping ធ្លាប់បានទទួលសំណូកជាប្រាក់ជា ២៣លានយ័ន (៣.៤លានដុល្លារអាមេរិក) កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១០ នៅពេលដែលរូបលោកនៅកាន់តួនាទីជាមេបញ្ជាប៉ូលិស ប្រចាំតំបន់ស្វយ័តម៉ុងហ្គោលី ហើយលោកបានសម្លាប់ជីវិតនារីវ័យក្មេងម្នាក់កាលពី២០១៥។ អតីតមន្រ្តីរដ្ឋាភិបាលរូបនេះ ក៏បានជាប់ចោទពីបទលួចលាក់អាវុធខុសច្បាប់ផងដែរ ដែលត្រូវបានអាជ្ញាធររកឃើញ កាលពីអំឡុងការស៊ើបអង្កេតទៅលើរូបលោក ខណៈតុលាការបានសម្រេចផ្តន្ទាទោសប្រហារជីវិត ទៅលើរូបលោកកាលពីចុងឆ្នាំ២០១៦។
គួរបញ្ជាក់ថា ទោសប្រហារជីវិតនៅក្នុងប្រទេសចិន ត្រូវបានដាក់ចេញនៅក្នុងមាត្រ ៤៦នៃក្រមព្រហ្មទណ្ឌ ភាគច្រើនជាមួយនិងសំណុំរឿងរត់ពន្ធគ្រឿងញៀនខុសច្បាប់។ ក៏ប៉ុន្តែនាពេលថ្មីៗអាត្រានៃការកាត់ទោសប្រហារជីវិត បានកើនឡើងខ្លាំងសម្រាប់រឿងក្តីពុករលួយនៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ៕