(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យឈានដល់ ១០នាក់ហើយ គិតត្រឹមថ្ងៃសុក្រនេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹង ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស ជនសង្ស័យទំាង០២នាក់ មានម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Withington នៃទីក្រុង Manchester ខណៈបុរសម្នាក់ទៀតត្រូវចាប់ខ្លួន នៅក្នុងទីក្រុង Manchester ដដែលនៅក្នុងប្រតិបត្តិការវាយឆ្មក់មួយ ហើយបើគិតមកទល់ពេលនេះ ចំនួនជនសង្ស័យត្រូវចាប់ខ្លួនកើនដល់១០នាក់ ក្នុងនោះមានស្ត្រីម្នាក់ បន្ថែមពីនេះជនសង្ស័យពីរនាក់ចុងក្រោយ (បុរសម្នាក់ និងស្ត្រីម្នាក់) ត្រូវបានចាប់ខ្លួននៅតំបន់ Moss Side របស់ទីក្រុង Manchester។ ប៉ូលិសអង់គ្លេសអះអាងថា ជនសង្ស័យបន្ថែមទៀត កំពុងត្រូវបានកំណត់ទីតាំង ហើយប៉ូលិសនឹងធ្វើការចាប់ខ្លួនជាបន្តបន្ទាប់។
ប៉ូលិសអង់គ្លេសក៏បានបញ្ជាក់ដែរថា អត្តឃាតជនបំផ្ទុះគ្រាប់បែកត្រូវគេបញ្ជាក់អត្តសញ្ញាណថា ឈ្មោះ Salman Abedi មានអាយុ២២ឆ្នាំ ចំណែកឯ ឪពុករបស់ជនរូបនេះឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសលីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូងទីក្រុង Manchester កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯសាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស២២នាក់ (ក្នុងនោះរួមមានទំាងកុមារ) និងរបួសសរុប៦៤នាក់៕