(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានយល់ព្រមអនុម័ត លើគំរោងរបស់អង្គការសង្គមស៊ីវិល Korean Sharing Movement ដែលមានបំណងចង់ធ្វើទំនាក់ទំនង ជាមួយកូរ៉េខាងជើង ហើយនេះអាចជាសញ្ញាមួយបង្ហាញថា ទីក្រុងសេអ៊ូលចង់ ដំណើរការឡើងវិញនូវការផ្លាស់ប្ដូរទំនាក់ទំនងអន្តរកូរ៉េ ប្រកបដោយភាពវិជ្ជមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមគំរោងស្នើឡើងកាលពីដើមខែឧសភា អង្គការ Sharing Movement មានផែនការបើកកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ស្ដីពីលទ្ធភាពដំណើរការជាថ្មីនូវគំរោងផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ ដោយឡែកកាលពីថ្ងៃទី២២ ខែឧសភា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសពីបំណងអនុញ្ញាតឱ្យបើកទំនាក់ទំនងអន្តរកូរ៉េឡើងវិញ នៅក្នុងក្របខណ្ឌមិនធ្វើឱ្យប៉ះពាល់ ដល់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ដោយសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា អង្គការ Sharing Movement បង្កើតឡើងកាលពីឆ្នាំ១៩៩៦ មានគោលដៅសំខាន់ផ្ដល់ជំនួយផ្នែកកសិកម្ម និងម្ហូបអាហារដល់កុមារកូរ៉េខាងជើង។ ចំណែកឯ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក៏បាននិយាយពីម្សិលមិញដែរថា ខ្លួនកំពុងសិក្សាលើសំណើរបស់ក្រុម អង្គការសង្គមស៊ីវិលទាំង ១៩ផ្សេងទៀត ដែលមានគោលដៅភ្ជាប់ទំនាក់ទំនង នឹងទីក្រុងព្យុងយ៉ាង ដើម្បីផ្ដល់ជំនួយមនុស្សធម៌ និងដឹកនាំគំរោងអភិវឌ្ឍន៍ ព្រមទាំងការផ្លាស់ប្ដូរគ្នាទៅវិញទៅមក នៅក្នុងវិស័យសង្គម និងវប្បធម៌៕