(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកសង្ឃឹមថា ខ្លួននឹងអាចទទួលបានកញ្ចប់ថវិកាកាន់តែច្រើនបន្ថែមទៀត ដើម្បីយកទៅផ្តត់ផ្គង់កម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី និងកម្មវិធីផលិតមីស៊ីលប្រដេញ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ស្របពេលដែលសំណើកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិរបស់ លោក ដូណាល់ ត្រាំ ទើបតែត្រូវបានដាក់ចេញនាពេលថ្មីៗនេះ ដើម្បីសភាអនុម័ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
កម្មវិធី Next Generation Air Dominance (NGAD) គឺជាកម្មវីធីយោធាដ៏សំខាន់មួយ សម្រាប់យន្តហោះចម្បាំងដ៏មានអានុភាព នាពេលអនាគតរបស់ក្រសួងការពារជាតិអាមេរិក គឺជាប្រភេទយន្តហោះរចនាឡើង ដើម្បីចូលលុកលុយ និងមានប្រៀបបំផុតនៅដែនអាកាសរបស់សត្រូវ ដែលជាកត្តាដ៏សំខាន់ក្នុងយុទ្ធសាស្រ្តសមរភូមិ។ តួរយ៉ាងយន្តហោះចម្បាំងដ៏ទំនើបជំនាន់ថ្មីធុន F-35 ពុំមានសមត្ថភាពយកឈ្នះយន្តហោះចម្បាំង ស៊េរីចាស់ធុន F-16 បានឡើយ នៅក្នុងការសាកល្បងកាលពីឆ្នាំ២០១៥ ដូច្នេះហើយយន្តហោះចម្បាំងធុនផ្សេងៗទៀតដូចជា F-22 Raptors និង F-18 Super Hornets គឺត្រូវបានពឹងផ្អែកក្នុងការដណ្តើមកាន់កាប់ដែនអាកាសសត្រូវ។
ជាមួយគ្នានេះ ដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្កើនឥទ្ធិពលវិស័យយោធាអាមេរិក ដែលអស្ចារ្យស្រាប់ទៅហើយ ឲ្យកាន់តែខ្លាំងលើសមុនថែមទៀតនោះ កម្មវិធី NGAD អាចនឹងទទួលបានថវិកាចំនួន ២៩៥លានដុល្លារសម្រាប់ឆ្នាំ២០១៨។ មួយវិញទៀត ទ័ពអាកាសអាមេរិក បានតំឡើងសំណើថវិកាពី ៩៦លានដុល្លារ ដល់៤៥១លានដុល្លារ សម្រាប់កម្មវិធី Long Range Stand Off Weapon ដែលនឹងកែច្នៃមីស៊ីលប្រដេញ សម្រាប់បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក ឲ្យមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានផងដែរ។
គួរបញ្ជាក់ថា សម្រាប់រយៈពេល០៥ឆ្នាំរាប់ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ កងទ័ពជើងអាកាសអាមេរិក សង្ឃឹមថា នឹងអាចទទួលបានថវិកាឧបត្ថម្ភថ្មី ចំនួន៤.៥ពាន់លានដុល្លារពីរដ្ឋបាលអាមេរិក៕