(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបដិសេធចំពោះការទាមទារឲ្យផ្តល់ជូនគណៈកម្មាធិការព្រឹទ្ធសភានូវឯកសារទាក់ទិននឹងការធ្វើទំនាក់ទំនងរវាង អតីតប្រធាន FBI លោក James Comey និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបណ្តោះសិន។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ទីភ្នាក់ងារ FBI បានឲ្យដឹងថា ខ្លួនកំពុងបន្តធ្វើការពិគ្រោះយោលយប់គ្នា ដើម្បីវាយតម្លៃចំពោះសំណើផ្តល់ឯកសារនេះនៅឡើយ បន្ទាប់ពីមានការតែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីបើកការស៊ើបអង្កេត ទៅលើការសង្ស័យនៃទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ និងមន្រ្តីរដ្ឋាភិបាលរុស្ស៊ី ដែលបានព្យាយាមជះឥទ្ធិពលទៅលើ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ FBI បានបញ្ជាក់ថា នឹងផ្តល់ចម្លើយម្តងទៀត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាការឆ្លើយតបប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃព្រឹទ្ធសភាអាមេរិក លោក Jason Chaffetz បានលើកឡើងថា គណៈកម្មាធិការមានសិទ្ធិ ដើម្បីបើកការស៊ើបអង្កេត និងមិនចង់ចូលទៅជ្រៀតជ្រែកការងារ របស់រដ្ឋពិសេសឡើយ។ ផ្ទុយទៅវិញកិច្ចការរបស់គណៈកម្មាធិការលោក នឹងជួយបំពេញចន្លោះប្រហោងនៅក្នុងការស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេសទៅវិញនោះទេ ហើយនឹងផ្តល់ចម្លើយកាន់តែច្បាស់ ចំពោះបញ្ហាដែលសាធារណៈជនមានការចាប់អារម្មណ៍ខ្លាំងនេះ។
គួរបញ្ជាក់ថា លោក Chaffetz បានបន្ថែមសំណើបែបទាមទារមួយបន្ថែមទៀត សម្រាប់ឯកសារពាក់ព័ន្ធ លោក Comey និងទំនាក់ទំនងជាមួយសេតវិមានក៏ដូចជាអគ្គរដ្ឋអាជ្ញា លោក Jeff Sessions ជាមួយនិងកាលបរិច្ឆេទកំណត់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ (ពេលវេលានៅសហរដ្ឋអាមេរិក)៕