(ពិភពលោក)៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុម G7 លើកទី៤៣ រៀបចំឡើងនៅទីក្រុង Taormina កោះ Sicily ប្រទេស អ៉ីតាលី នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ដែលកិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំដ៏សំខាន់មិនធម្មតាមមួយ ព្រមទាំងត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រផងដែរ។ ខាងក្រោមនេះ ជាព័ត៌មានសំខាន់ពាក់ព័ន្ធនឹងអង្គការ G7៖
* ប្រវត្តិកំណើតអង្គការ៖
អង្គការ G7 ជាអង្គការនៃក្រុមប្រទេសដែលមានភាពនាំមុខគេ ផ្នែកសេដ្ឋកិច្ចលំដាប់ខ្ពស់ ទាំង៧លើពិភពលោក បូករួមទាំងសហភាពអឺរ៉ុបផងដែរ។ អង្គការ G7 មានប្រភពដើមមកពីអង្គការ G6 ដែលដំបូងឡើយមានសមាជិកតែ៦ប្រទេសប៉ុណ្ណោះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីមានកិច្ចប្រជុំមិនផ្លូវការមួយ ក្នុងឆ្នាំ១៩៧៤ នៅទីក្រុង Rambouillet ក្បែរទីក្រុង ប៉ារីស។ គោលបំណងនៃការកិច្ចប្រជុំ មុនពេលបង្កើតអង្គការនេះឡើង គឺដើម្បីចង់ពិភាក្សាទៅលើវិបត្តិ ពិភពលោក (អំឡុងពេលនោះ វិបត្តិប្រេងជាវិបត្តិដ៏ធ្ងន់ធ្ងរជាងគេ)។
អង្គការ G6 មានដំណាងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ខាងលិច ប្រទេសអ៊ីតាលី, ប្រទេសជប៉ុន, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រទេស កាណាដា បានក្លាយជាសមាជិកទី៧ កាលពីឆ្នាំ១៩៧៦ ជាពេលដែលកិច្ចប្រជុំ នៃអង្គការនេះត្រូវបានប្តូរឈ្មោះទៅជា G7 វិញម្តង។
ក្នុងឆ្នាំ១៩៩៨ ប្រទេស រុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះ ជាផ្លូវការផងដែរ ដែលជាលទ្ធផលបង្កើតបានជាវេទិកា G8 ដែលមានសមាជិក៨ប្រទេស។ ជាអកុសលប្រទេស រុស្ស៊ី ដកចេញពីក្រុមវិញក្នុងឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ីបង្កឱ្យមានវិបត្តិគ្រីមៀ ដោយដណ្តើមឧបទ្វីបនេះពីប្រទេស អ៊ុយក្រែន ទើបអង្គការនេះ បានប្តូរមកជា G7 វិញ។
សម្រាប់សហភាពអឺរ៉ុប EU វិញ បានចូលរួមក្នុងកិច្ចប្រជុំនេះជាលើកដំបូងក្នុងឆ្នាំ១៩៧៧។ ចាប់តាំងពីឆ្នាំ១៩៨១មក ប្រធានរបស់ EU តែងតែចូលរួមរាល់ កិច្ចប្រជុំទាំងអស់របស់ G7 រហូតក្លាយជាដំណាងមួយផងដែរ របស់អង្គការនេះ។
EU ជាសមាជិករបស់អង្គការនេះក្នុងនាមជាអង្គការអន្តរជាតិ ដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះក្នុងទីក្រុង Brussels កាលពីឆ្នាំ២០១៤កន្លងទៅនេះ វាជាហេតុផលមួយដែលជម្រុញឱ្យ G7 ក្លាយជាអង្គការដែលកាន់តែមានភាពលេចធ្លោជាខ្លាំងនៅអឺរ៉ុប។
* ម្ចាស់ផ្ទះ និងអ្នកចូលរួម៖
កិច្ចប្រជុំកំពូលឆ្នាំ២០១៧នេះ មានលោក Paolo Gentiloni នាយករដ្ឋមន្ត្រីប្រទេស អ៊ីតាលីធ្វើជាម្ចាស់ផ្ទះ រួមទាំងមេដឹកនាំនៃប្រទេសជាសមាជិកស្នូលដែលមានដូចជា៖
១៖ ប្រធានាធិបតីអាមេរិក លោក Donald Trump
២៖ ប្រធានាធិបតីប្រទេស បារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រី លោក Edouard Philippe
៣៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May
៤៖ អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel
៥៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk និង ប្រធានគណកម្មាធិការអឺរ៉ុប លោក Jean- Claude Juncker
៦៖ នាយរដ្ឋមន្ត្រីជប៉ុន វ័យ៦២ឆ្នាំ លោក Shinzo Abe
៧៖ នាយរដ្ឋមន្ត្រីកាណាដា វ័យ៤៥ឆ្នាំ លោក Justin Trudeau។
កិច្ចប្រជុំនេះ ក៏បានអញ្ជើញមានមេដឹកនាំបួនប្រទេសផ្សេងទៀតឱ្យចូលរួមផងដែរ ដែលមានដូចជា៖
១៖ នាយករដ្ឋមន្ត្រីប្រទេស អេត្យូពី លោក Hailemariam Desalegn
២៖ ប្រធានាធិបតីប្រទេស កេនយ៉ា លោក Uhuru Kenyatta
៣៖ ប្រធានាធិបតីប្រទេស នីហ្សេរីយ៉ា លោក Muhammadu Buhari
៤៖ ប្រធានាធិបតីប្រទេស ទុយនេស៊ី លោក Beji Caid Essebsi
* ពេលវេលា៖
កិច្ចប្រជុំ G7 ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំនៅខែឧសភានេះ ខណៈដែលរដូវក្តៅនៅទ្វីបអឺរ៉ុបឈានចូលមកដល់ ជាមួយនឹងអាកាសធាតុក្តៅល្មម។
* ទីតាំង៖
កិច្ចប្រជុំកំពូល G7 សម្រាប់ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅនៅទីក្រុង Taormina កោះ Sicily ជាកោះដ៏ស្រស់ស្អាតមួយប្រចាំប្រទេស អ៊ីតាលី។
* ប្រធានបទសំខាន់ដែលត្រូវលើកឡើង៖
• បញ្ហាជនអន្តប្រវេសន៍
• ភេរវកម្ម
• សុខាភិបាល
• បញ្ហានៅអាហ្វ្រិកខាងជើង
• ថាមពល
• កំណើតសេដ្ឋកិច្ចពិភពលោក
• គោលនយោបាយមីក្រូសេដ្ឋកិច្ច
• ការត្រួតពិនិត្យ និងច្បាប់ទម្លាប់ផ្នែកហិរញ្ញវត្ថុ
• ពាណិជ្ជកម្ម
• ការស៊ើបការណ៍
• ស្បៀងអាហារ និងកសិកម្ម
• ការអភិវឌ្ឍន៍ប្រកបដោយចិរភាព
• បម្រែបម្រួលអាកាសធាតុ
• អំពើពុករលួយ
• សន្តិសុខ
សូមជម្រាបថា ប្រទេសជាសមាជិករបស់ G7 ដំណាងឱ្យ៦៤ភាគរយ នៃទ្រព្យសម្បតិ្តរបស់ពិភពលោកទាំងមូល ដែលគិតជាប្រាក់គឺ២៦៣លានលាន ដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះប្រទេសជាសមាជិក G7 ដំណាងឱ្យ៤៦ភាគរយ នៃ GDP ពិភពលោក ដែលត្រូវបានវាយតម្លៃដោយទីផ្សារភាគហ៊ុន។ ការកាន់កាប់ទ្រព្យសម្បត្តិច្រើន និងមានកម្រិតអភិវឌ្ឍន៍ធនធានមនុស្សខ្ពស់ ជាតម្រូវការចាំបាច់ដើម្បីអាចកា្លយជាសមាជិកក្រុមប្រទេសលំដាប់ទាំងនេះ។
ដោយហេតុផលខាងលើ អាចបញ្ជាក់ថា កិច្ចប្រជុំ G7 កិច្ចប្រជុំដ៏សំខាន់ ដោយមានដំណាងចូលរួមសុទ្ធតែជាមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលអាចកាច់ចង្កូតផ្លូវដើរនៃសេដ្ឋកិច្ចពិភពលោកទាំងមូលបានយ៉ាងងាយ៕