(ប៉េកាំង)៖ GSR Capital ដែលជាក្រុមហ៊ុនវិនិយោគឯកជនចិន ដ៏ធំមួយជិតឈានដល់កិច្ចព្រមព្រៀងទិញ គ្រប់គ្រងភាគហ៊ុនក្រុមហ៊ុនផលិតអាគុយ Nissan Battery Unit នៃក្រុមហ៊ុន Nissan Motor Co របស់ជប៉ុនក្នុងតម្លៃ១ពាន់លានដុល្លារ។ នេះបើតាមប្រភពពីអ្នកជំនិតក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះ ដកស្រង់មកផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ប្រភពខាងលើថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងទិញភាគហ៊ុន រវាងក្រុមហ៊ុន GSR Capital និងក្រុមហ៊ុន Nissan កំពុងរីកចំរើនទៅមុខ ហើយភាគីទាំងពីរអាចនឹងប្រកាសពីកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានពីរសប្ដាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Yangtze River Industry Fund គំាទ្រដោយរដ្ឋាភិបាលខេត្ត Hubei ក៏បានចូលរួមចំណែកក្នុងភាគហ៊ុន ២០ភាគរយ របស់ក្រុមហ៊ុន GSR Capital ផងដែរ ដើម្បីទិញភាគហ៊ុនពី Nissan៕