(វ៉ាស៊ីនតោន)៖ ការស៊ើបអង្កេតរបស់ FBI លើការជៀតជ្រែក ពីរុស្ស៊ីនៅក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ បានរីករាលដាលដល់កូនប្រសារប្រុសរបស់ លោក ដូណាល់ ត្រាំ ថែមទៀត គឺលោក ហ្សារ៉ែត ឃូស្នើ (Jared Kushner) ហើយពាក់ព័ន្ធនឹងតួនាទីដ៏ច្រើនរបស់លោក ជាមួយក្រុមយុទ្ធនាការឃោសនាបោះឆ្នោត និងក្រុមមន្ត្រីនៃឪពុកក្មេកខ្លួន។ នេះបើតាមក្រុមមន្រ្តីអាមេរិកដកស្រង់ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីដដែល ចំណុចសំខាន់ដែលផ្ដោតលើ លោក ឃូស្នើ រួមមានប្រតិបត្តិការវិភាគទិន្នន័យនៃក្រុមយុទ្ធនាការឃោសនា បោះឆ្នោតលោក ត្រាំ កាលពីឆ្នាំ២០១៦ ទំនាក់ទំនងរបស់លោកជាមួយអតីតទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លោក មីសែល ហ្លីន (Michael Flynn) ព្រមទំាងទំនាក់ទំនងផ្ទាល់ខ្លួនរវាងទីប្រឹក្សាសេតវិមានរូបនេះ និងទីក្រុងម៉ូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះពុំទាន់មានការបញ្ជាក់ណាមួយថា លោក ឃូស្នើ ក្លាយជាគោលដៅនៃការស៊ើបអង្កេតនៅឡើយទេ ហើយក៏ពុំទាន់មានការចោទប្រកាន់ណាមួយដែរ។ ម្យ៉ាងវិញទៀត វាក៏ពុំទាន់ច្បាស់ទៀតផងថា FBI មានគំរោងនិយាយរឿងនេះជាមួយ លោក ឃូស្នើ នោះទេ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា លោកអាចនឹងជួយផ្ដល់ព័ត៌មានទាក់ទិននឹងការស៊ើបអង្កេត៕