(ហ្សាការតា)៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅទីបំផុតបានចេញមុខអះអាងថា ខ្លួនគឺជាអ្នករៀបចំគម្រោងដ៏ខ្មៅងងឹតក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅចំណតរថយន្តក្រុងមួយកន្លែងក្នុងរដ្ឋធានីហ្សាការតា កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលបានផ្តាច់យកជីវិតមន្រ្តីប៉ូលិសឥណ្ឌូណេស៊ីយ៉ាងតិចចំនួនបីរូប និងមនុស្សប្រមាណ ១២នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ស្រាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមភេរវករនេះ បានធ្វើសេចក្តីរាយការណ៍ថា «ជនពិឃាត នៃករណីវាយប្រហារនៅកន្លែងជួបជុំមន្រ្តីប៉ូលិសឥណ្ឌូណេស៊ី ក្នុងទីក្រុងហ្សាការតា គឺជាអ្នកប្រយុទ្ធរបស់ក្រុម ISIS»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរនាក់ បានធ្វើការវាយប្រហារទៅលើចំណតរថយន្ដក្រុង Kampung Melayu នៃរដ្ឋធានីហ្សាការតាចំនួនពីរលើកបន្តបន្ទាប់គ្នា នាវេលាម៉ោងប្រហែល ៩៖០០នាទីយប់ (ម៉ោងក្នុងតំបន់កើតហេតុ) ហើយភ្លាមៗនោះអាជ្ញាធរឥណ្ឌូណេស៊ី ក៏បានសង្ស័យថា ជាស្នាដៃដ៏ឃោរឃៅរបស់ក្រុម ISIS ផងដែរ៕