(នីហ្សេរីយ៉ា)៖ យោងតាមព័ត៌មាន AFP បានផ្សាយឲ្យដឹងថា កាលពីថ្ងៃចន្ទកាំភ្លើង៤៤០គ្រឿងជាអាវុធខុសច្បាប់នាំមកពីប្រទេសតួកគី ត្រូវបានរឹបអូសនៅទីក្រុងឡាហ្គូ នៃប្រទេសនីហ្សេរីយ៉ា។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលនីហ្សេរីយ៉ាបានប្រាប់ AFP ថា «ខ្លួនបានស្ទាក់ចាប់ឃ្លាំងសម្ងាត់ ដែលមានអាវុធខុសច្បាប់ នៅកំពង់ផែទីក្រុងឡាហ្គូ។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
កាលពីប្រាំខែមុនមានការរឹបអូសអាវុធខុសច្បាប់ស្រដៀងគ្នានេះដែរ ក្នុងនោះមន្រ្តីគយបានបញ្ឈប់រថយន្តដឹកកាំភ្លើងខុសច្បាប់ចំនួន ៦៦១គ្រឿង បន្ទាប់ពីពួកគេបានយកចេញពីកំពង់ផែ»។
អ្នកនាំពាក្យប៉ូលិសនីហ្សេរីយ៉ា លោក យ៉ូសែប អាត់តាស់ និយាយថា «យោងតាមការស៊ើបអង្កេត យើងបានចុះប្រតិបត្តិការនៅថ្ងៃចន្ទ ដោយត្រួតពិនិត្យកុងតឺន័រមួយប្រវែង ១២ម៉ែត្រ នៅកំពង់ផែ Tin Can នៃទីក្រុងឡាហ្គូ បានរកឃើញបំណែកនៃកាំភ្លើងធុនធំចំនួន ៤៤០គ្រឿង និងបំណែកផ្សេងទៀតដែលជាបរិក្ខាកាំភ្លើង»។
ការរៀបចំផ្ទុកកាំភ្លើងនោះ ត្រូវបានគ្របដណ្តប់ជាមួយម្នាងសិលា ដើម្បីជៀសវាងការរកឃើញដោយសមត្ថកិច្ច។ លោក អាត់តាស់ បាននិយាយថា «ការស៊ើបអង្កេតនេះ គឺកំណត់ដើម្បីការចាប់ខ្លួនអ្នកដែលទទួលអាវុធខុសច្បាប់ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។» បើយោងតាម Monday Abueh ដែលជាជំនួយការរបស់គយត្រួតពិនិត្យបានអោយដឹងថា កាំភ្លើងចាប់បានផលិតនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី ប៉ុន្តែនាំចូលមកពីប្រទេសតួកគី និងត្រូវបានគេលាក់ទុកនៅក្នុងកុងតឺន័រ។
នៅឆ្នាំ២០១៤ ក្រុមហ៊ុនអាកាសចរណ៍តួកគីមានរឿងអាស្រូវមួយ បន្ទាប់ពីមានការបែកធ្លាយនូវការថតសំឡេងក្នុងនោះ សន្ទនាដែលគេថតបានជាសន្ទនារវាង មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ និងទីប្រឹក្សានាយករដ្ឋមន្ត្រីតួកគី លោក Recep Tayyip Erdogan ដែលបាននិយាយថា «មន្ត្រីក្រុមហ៊ុនអាកាសចរណ៍៖ ឥឡូវនេះសម្ភារៈជាច្រើនគឺនៅតាមផ្លូវទៅកាន់ប្រទេសនីហ្សេរីយ៉ា។ តើវានឹងសម្លាប់ពួកគ្រិស្ដសាសនិក ឬមូស្លីម? អំពើដែលខ្ញុំកំពុងតែធ្វើនេះ មានបាបកម្មខ្លាំងណាស់អ្នកគួរតែយល់។ ទីប្រឹក្សាប្រធានាធិបតី និងអនុរដ្ឋលេខាធិការ Hakan Fidan ចាំទាក់ទងអង្គការស៊ើបការណ៍សម្ងាត់ជាតិ (MIT)»។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍តួកគីនៅតែបដិសេធថា មិនបានដឹកអាវុធ និងឧបករណ៍យោធាទៅឱ្យប្រទេសនីហ្សេរីយ៉ា៕