(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រូបលោកនិងប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែមិនទាន់អាចដោះស្រាយការខ្វែងគំនិតគ្នាមួយចំនួន ជុំវិញបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ និងពាណិជ្ជកម្មនៅឡើយទេ ក្នុងអំឡុងជំនួបទល់មុខគ្នារវាងលោកទាំងពីរ ហើយលោក Tusk បានបន្ថែមថាលោកផ្ទាល់ក៏មិនប្រាកដដែរថា លោកនិងលោក ត្រាំ មតិយល់ឃើញដូចគ្នាដែរឬយ៉ាងណានោះ ទាក់ទិននឹងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យ៉ាងណាមិញ ប្រធាន EU រូបនេះបានឲ្យដឹងថាលោកនិងលោក ដូណាល់ ត្រាំ បានឯកភាពលើបញ្ហាជាច្រើនផ្សេងទៀត ជាពិសេសនោះ គឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលកំពុងអុកឡុកពិភពលោកយ៉ាងខ្លាំងក្លា ហើយលោកទាំងពីរក៏បានធ្វើការផ្តោតសំខាន់ទៅលើគោលនយាលបរទេសនិងសន្តិសុខផងដែរ។
គួររំលឹកថា កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗលើសហភាពអឺរ៉ុប ហើយបានសាទរ ចំពោះការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ក៏ដូចជាព្រមានលុបចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុថែមទៀតផង៕