(ព្រុចសែល)៖ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានសហភាពអឺរ៉ុប ក៏ដូចជាប្រធានគណៈកម្មការអឺរ៉ុប ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ជាលើកដំបូងរបស់ខ្លួន ដែលកំពុងប្រព្រឹត្តទៅនៅឯទីស្នាក់ការកណ្តាលដ៏ថ្មីសន្លាង ស្ថិតក្នុងទីក្រុងព្រុចសែល ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់អគ្គលេខាធិការ NATO លោក Jens Stoltenberg។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិក នឹងត្រូវជួបជាមួយបណ្តាមេដឹកនាំនៃសមាជិក NATO ដទៃទៀតជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល នេះ ដើម្បីរៀបចំផែនការសម្រាប់អនាគតរបស់អង្គការអន្តរជាតិមួយនេះ ហើយព្យាយាមបន្ធូរបន្ថយការខ្វែងគំនិតគ្នា លើកញ្ចប់ថវិកាដើម្បីផ្គត់ផ្គង់វិស័យយោធា NATO បន្ទាប់ពីរូបលោកធ្លាប់បានហៅអង្គការអន្តរជាតិ ដែលមានអាយុកាលជិត៧០ឆ្នាំនេះថាជា ស្ថាប័នហួសសម័យ កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និងបានគំរាមដោយប្រយោលថា នឹងចាកចេញពីសន្ធិសញ្ញានេះ បើសិនជាបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប មិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិទេនោះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកទីមួយរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងដំបូងទៅកាន់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, អ៊ីស្រាអែល, តំបន់ West Bank នៃទឹកដីរបស់ប៉ាឡេស្ទីន, បុរីវ៉ាទីកង់ នៅមុនពេលមកដល់ទីក្រុងព្រុចសែល ហើយគោលដៅធ្វើដំណើរចុងក្រោយគេរបស់លោក ត្រាំ គឺនៅតំបន់ Sicily នៃប្រទេសអ៊ីតាលី ជាទីដែលរូបលោកនឹងចូលរួមកិច្ចប្រជុំ G7 នៅទីក្រុង Taormina៕