(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធាកូរ៉េខាងជើង បាននិយាយបែបចំអកថា វត្ថុចម្លែកម្យ៉ាងហោះនៅលើអាកាស ដែលកូរ៉េខាងត្បូងចំណាយគ្រាប់កាំភ្លើងយន្ដជាង៩០ គ្រាប់បាញ់ព្រមានកាលពីប៉ុន្មានថ្ងៃមុននេះ គ្រាន់តែជាសត្វចាបមួយហ្វូងប៉ុណ្ណោះ ដោយបានបដិសេធការប្រកាសរបស់ទីក្រុងសេអ៊ូលថាវត្ថុចម្លែក នោះជាប៉េងប៉ោងរបស់កូរ៉េខាងជើង៕
២៖ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីត្រៀមជួបជាមួយថ្នាក់ដឹកសហភាពអឺរ៉ុប និងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATOនោះ ក្រុមបាតុករប្រមាណជា ៦,០០០នាក់ បានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរូបលោក។ ក៏ប៉ុន្តែយ៉ាងណា នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានជួបប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈ កម្មាការអឺរ៉ុបហើយ៕
៣៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យ០៨នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹងការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថាជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ។ ប៉ុន្តែ ទន្ទឹមគ្នា នោះដែរបើតាម BBC ប៉ូលិសអង់គ្លេសបានបញ្ឈប់ការចែករំលែកព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយសារព័ត៌មានអាមេរិកនំាគ្នាចុះ ផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើអំពើភេរវកម្មនេះ៕
៤៖ ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់ ក្នុងនោះមានជនសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន០២នាក់ និងប៉ូលិស ០៣នាក់ នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាពីរលើក ដែលបានកើតឡើង នៅក្បែរចំណតរថយន្ដក្រុងមួយកន្លែង ស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាការតា កាលពីយប់ថ្ងៃពុធ៕
៥៖ នាវាចពិឃាដអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅក្បែរ កោះសិប្បនិម្មិតសាងសង់ឡើងដោយទីក្រុងប៉េកាំង ហើយនេះគឺជាលើកដំបូង ផុតដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំងមកកាន់តំបន់ជម្លោះនេះ គិតចាប់តាំងពី លោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែការបញ្ជូននាវានេះ ធ្វើឡើងនៅចំពេលលោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការពីចិន ដើម្បីដោះស្រាយបញ្ហា មីស៊ីលនិងនុយក្លេអ៊ែរកូរ៉េខាងជើង៕
៦៖ ប្រធានាធិបតីចិន លោក ស៊ី ជិងពីង នាពេលថ្មីៗនេះ បានអំពាវឲ្យមានការខិតខំប្រឹងប្រែង កសាងកងទ័ពជើងទឹកចិនឲ្យក្លាយទៅជាកង កម្លាំងដ៏មានឥទ្ធិពល និងទំនើបមួយនៅពិភពលោក ខណៈសហរដ្ឋអាមេរិក កាន់តែពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី៕