(សេអ៊ូល)៖ ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងប្រទេសកូរ៉េខាងជើង ដោយសារតែការបំពុលខ្យល់ ស្ថិតក្នុងអាត្រាខ្ពស់ជាងគេបំផុតលើពិភពលោក ដោយមនុស្សចំនួន២៣៨នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់ស្លាប់ ពីព្រោះគុណភាពភាពខ្យល់ដកដង្ហើមមិនល្អ នៅក្នុងបរិយាកាស។ នេះបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ស្តីពីស្ថិតិសុខភាពពិភពលោក (WHS) ឆ្នាំ២០១៧ ដែលទើបតែត្រូវបានចេញផ្សាយដោយអង្គការ WHO នាពេលថ្មីៗនេះ អាត្រាគ្រោះថ្នាក់របស់កូរ៉េខាងជើងខាងលើ គឺខ្ពស់ជាង ២.៦ដង បើធៀបទៅនឹងអាត្រាមធ្យមនៃពិភពលោក និងខ្ពស់ជាងលើសពី១០ដង ធៀបនឹងប្រទេសកូរ៉េខាងត្បូង (២៣នាក់ក្នុងចំណោម ១០០,០០០នាក់)។
WHS គឺជារបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ស្តីពីស្ថិតិវិស័យសុខាភិបាលនៅក្នុងបណ្តាប្រទេសទាំង ១៩៤ ដែលជាសមាជិករបស់ខ្លួន។ ហើយវាក៏ខ្ពស់ជាងអាត្រានៅក្នុងប្រទេសចិន (១៦១នាក់ក្នុងចំណោម ១០០,០០០នាក់) និងជប៉ុន (២៤នាក់ក្នុងចំណោម១០០,០០០នាក់) ផងដែរ។
គួរបញ្ជាក់ថា អង្គការ WHO បានធ្វើការចង្អុលបន្ថែមថា មនុស្សប្រមាណបីពាន់លាននាក់ជុំវិញពិភពលោក កំពុងនៅបន្តប្រើប្រាស់ធ្យូងថ្ម និងឈើអុសសម្រាប់បង្កើតកម្តៅ និងចម្អិនចំណីអាហារនៅឡើយ ដែលកត្តានេះជាទូទៅបណ្តាលការបំពុលខ្យល់ដកដង្ហើមធ្ងន់ធ្ងរ ដែលអាចបង្កជាជំងឺស្ទះសរសៃឈាម និងបំពង់សួត, ជំងឺរលាកផ្លូវដង្ហើម, និងជំងឺមហារីកសួតជាដើម៕