(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅឯទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស (Donald Tusk) និងប្រធានគណៈកម្មាការអឺរ៉ុប លោក ហ្សង់ក្លូត ហ្សាំងឃើ (Jean-Claude Juncker) សម្រាប់ជំនួបជាលើកដំបូងរបស់លោក ជាមួយថ្នាក់ដឹកនាំអឺរ៉ុប ដែលប្រធានាធិបតីអាមេរិកាំងរូបនេះ ធ្លាប់បានរិះគន់ឥតសម្ចៃមាត់កាលពីអតីតកាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
បើតាមកាលវិភាគ បន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមកិច្ចប្រជុំអង្គការណាតូ នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំអឺរ៉ុប លោក ដូណាល់ ត្រាំ អាចនឹងស្ដាប់លឺការអំពាវនាវពីថ្នាក់ដឹកនាំអឺរ៉ុបឱ្យ លោកនៅតែរក្សាគោលជំហរទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រដល់ការបង្រួបប្រងួមរបស់អឺរ៉ុប ការធ្វើពាណិជ្ជកម្មសេរី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
គួររំលឹកថា កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗលើសហភាពអឺរ៉ុប ហើយបានសាទរ ចំពោះការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ក៏ដូចជាព្រមានលុបចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុទៀតផង៕