សើចចំអក? យោធាកូរ៉េខាងជើង៖ «កូរ៉េខាងត្បូងថ្ងៃមុន បានបាញ់ហ្វូងសត្វចាបលេងប៉ុណ្ណោះ» ហើយមិនមែនបាញ់អស់៩០គ្រាប់ទេ គឺរហូតដល់៤៥០គ្រាប់!
25-05-2017 15:34
(សេអ៊ូល)៖ យោធាកូរ៉េខាងជើងបានអះអាងថា វត្ថុចម្លែកម្យ៉ាងហោះនៅលើអាកាស ដែលកូរ៉េខាងត្បូង ចំណាយគ្រាប់កាំភ្លើងយន្ដរាប់រយគ្រាប់ បាញ់ព្រមានកាលពីប៉ុន្មានថ្ងៃមុននេះ គ្រាន់តែជាហ្វូងសត្វចាបប៉ុណ្ណោះ ដោយបានបដិសេធការប្រកាសរបស់ទីក្រុងសេអ៊ូលថា វត្ថុចម្លែកនោះជាប៉េងប៉ោងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារកន្លងទៅ យោធាកូរ៉េខាងត្បូងបានបាញ់កាំភ្លើងយន្ដជាង៩០គ្រាប់ ជាការព្រមានដល់វត្ថុចម្លែកហោះចេញពីកូរ៉េខាងជើង ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយច្រឡំថា ជាយន្ដហោះគ្មានមនុស្សបើក (Drone) តែក្រោយមក បែរជាអះអាងថា គ្រាន់តែជាប៉េងប៉ោងទៅវិញ។ ដោយឡែកជុំវិញបញ្ហានេះដែរ យោធាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយបែបចំអកថា យោធាកូរ៉េខាងត្បូងបានបាញ់ គ្រាប់កាំភ្លើងយន្ដច្រើនជាង៤៥០គ្រាប់ ទៅលើហ្វូងចាបដែលកំពុងហោះនៅលើមេឃ ហើយដែលនេះគឺជាទង្វើបង្ករឿង នៅតាមតំបន់ព្រំដែនសាជាថ្មី។
ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ទៀតថា កូរ៉េខាងត្បូងបានចោទថា កូរ៉េខាងជើង គឺជាអ្នកបង្កហេតុដូចជាការផ្ទុះគ្រាប់មីន នៅក្បែរតំបន់ព្រំដែន កាលពីឆ្នាំ២០១៥ និងបានបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ២០១០ ទើបធ្វើឱ្យយោធាកូរ៉េខាងត្បូង ភ័យស្លន់ស្លោររហូតដល់បាញ់កាំភ្លើងមិនចេះគិតដូច្នេះ៕