(ព្រុចសែល)៖ ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីត្រៀមជួបជាមួយថ្នាក់ដឹកសហភាពអឺរ៉ុប និងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO នោះ បាតុកម្មប្រឆាំងនឹងរូបលោកក៏បានផ្ទុះឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
បន្ទាប់ពីលោក ដូណាល់ ត្រាំ រួមនិងភរិយាលោកស្រី មេឡានា បានធ្វើដំណើរពីទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី មកដល់ប្រទេសប៊ែលហ្សិក ការធ្វើបាតុកម្មក៏បានកើតមានឡើង នៅក្នុងទីក្រុងព្រុចសែល ដោយមានការចូលរួមពីក្រុមអ្នកតវ៉ាប្រមាណ ៦,០០០នាក់ នៅតាមដងវិថីជាច្រើន ដើម្បីប្រឆាំងនឹងវត្តមាន ក៏ដូចជាដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ជាមួយនឹងផ្ទាំងបដាបង្ហាញឲ្យលោកប្រធានាធិបតីអាមេរិកដឹងថា រូបលោកមិនត្រូវបានស្វាគមន៍នៅទីនេះឡើយ។
ទំនាក់ទំនងរវាង លោក ដូណាល់ ត្រាំ និងបណ្តាប្រទេសអឺរ៉ុបបានជួបភាពរកាំរកូស ចាប់តាំងពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកមកម្ល៉េះ ដែលលោកធ្លាប់បានធ្វើការកោតស្ញប់ស្ញែង ដោយបើកចំហចំពោះយុទ្ធនាការគាំទ្រ Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) តាំងតែពីមុន និងក្រោយការបោះឆ្នោតប្រជាមតិ។ លើសពីនេះកាលពីខែមករាដើមឆ្នាំនេះ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ បានបង្កក្តីព្រួយបារម្ភដល់សម្ព័ន្ធមិត្តអឺរ៉ុបជាច្រើន តាមរយៈការគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា អង្គការ NATO ហួសសម័យហើយ និងបានគំរាមដោយប្រយោលថា នឹងចាកចេញពីសន្ធិសញ្ញានេះ បើសិនជាបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប មិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិទេនោះ។
យ៉ាងណាមិញនាថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ នឹងចូលជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk រួមទាំងប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker ដែលមន្ត្រីកំពូលទាំងពីរនេះពុំសូវជាពេញចិត្តប៉ុន្មានឡើយ ចំពោះសម្តីកាលពីអតីតកាលទាំងនោះរបស់ លោក ត្រាំ។
បន្ទាប់មកលោកប្រធានាធិបតីអាមេរិក នឹងជួបជាមួយបណ្តាមេដឹកនាំនៃសមាជិក NATO ដទៃទៀតជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរៀបចំផែនការសម្រាប់អនាគត របស់អង្គការអន្តរជាតិមួយនេះ ហើយព្យាយាមបន្ធូរបន្ថយការខ្វែងគំនិតគ្នាលើថវិកាដើម្បីផ្គត់ផ្គង់ NATO។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកទីមួយរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងដំបូងទៅកាន់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, អ៊ីស្រាអែល, តំបន់ West Bank នៃទឹកដីរបស់ប៉ាឡេស្ទីន, បុរីវ៉ាទីកង់ នៅមុនពេលមកដល់ទីក្រុងព្រុចសែល ហើយគោលដៅធ្វើដំណើរចុងក្រោយគេរបស់លោក ត្រាំ គឺនៅតំបន់ Sicily នៃប្រទេសអ៊ីតាលី ជាទីដែលរូបលោកនឹងចូលរួមកិច្ចប្រជុំ G7 នៅទីក្រុង Taormina៕