(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យ០៨នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹងការវាយ ប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស ជនសង្ស័យទំាង០២នាក់ មានម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Withington នៃទីក្រុង Manchester ខណៈបុរសម្នាក់ទៀត ត្រូវចាប់ខ្លួន នៅក្នុងទីក្រុង Manchester ដដែល នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយ ហើយបើគិតមកទល់ ពេលនេះចំនួន ជនសង្ស័យត្រូវចាប់ខ្លួនកើនដល់០៨នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ដោយឡែកប៉ូលិសអង់គ្លេស ក៏បានបញ្ជាក់ដែរថា អត្តឃាតជនបំផ្ទុះគ្រាប់បែកត្រូវគេបញ្ជាក់អត្តសញ្ញាណថាឈ្មោះ Salman Abedi មានអាយុ២២ឆ្នាំ ចំណែកឯ ឪពុករបស់ជនរូបនេះឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសលីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូងទីក្រុង Manchester កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯ សាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស ២២នាក់ ក្នុងរួមមានទំាងកុមារ និងរបួស៦៤នាក់៕