(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយរូបថតចំនួនបីសន្លឹក ដែលគេឃើញលោក ផាក គឺនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានបញ្ជូនចុះពីរថយន្តមកពីមន្ទីរឃុំឃាំង និងសមត្ថកិច្ចនាំលោកស្រីចូលទៅកាន់បន្ទប់សវនាការ របស់តុលាការទីក្រុងសេអ៊ូលជាលើកដំបូង ដើម្បីចាប់ផ្តើមសវការរឿងចោទប្រកាន់លោកស្រី និងមិត្តជិតស្និទ្ធថា បានរួមគ្នាប្រព្រឹត្តអំពើពុករលួយ និងការជម្រិតទារប្រាក់ពីក្រុមហ៊ុនធំៗក្នុងស្រុករាប់សិបលានដុល្លារ ក្នុងអំឡុងពេលលោកស្រីកាន់អំណាច។
លោកស្រី ផាក បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ និងត្រូវបានទម្លាក់ចេញពីតំណែងជាផ្លូវការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីឲ្យតុលាការចាប់ផ្តើមបើកការស៊ើបអង្កេត ជុំវិញពាក្យចោទប្រកាន់លើលោកស្រីជាច្រើន។ រូបភាពទាំងអស់នេះ គឺត្រូវបានថតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ជាពេលដែលលោកស្រី ត្រូវបានបញ្ជូនទៅតុលាការដើម្បីបើកសវការដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។
ភាពខ្លោចផ្សា និងក្តុកក្តួលចិត្ត ពិតជាអាចឲ្យសាធារណៈជនមើលដឹង តាមរយៈទឹកមុខ និងកែវភ្នែកទាំងគូរបស់លោកស្រី ផាក ដែលកាលពីមុន លោកគឺជាមេដឹកនាំកំពូលរបស់ជាតិ ដែលគ្រប់គ្នាគោរពស្រឡាញ់ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោកមួយរូប តែពេលនេះបែរជាត្រូវបានយកទៅកាត់ទោស ហើយនឹងប្រឈមមុខការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស ដូចការចោទប្រកាន់នានាមែននោះ៕