(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិងពីង នាពេលថ្មីៗនេះ​បានអំពាវឲ្យមានការ​ខិតខំប្រឹងប្រែង កសាង​កងទ័ពជើង​ទឹក​ចិន ឲ្យក្លាយទៅជាកងកម្លាំងដ៏មានឥទ្ធិពល និងទំនើបមួយនៅពិភពលោក។ នេះបើតាម​ការចេញផ្សាយដោយសារ​ព័ត៌​មាន CGTN នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

លោក ស៊ី ដែលមានតួនាទី​ជាអគ្គលេខាធិការ​ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មការ​យោធា​​​មជ្ឈិម​ផងដែរនោះ បានធ្វើការលើកឡើង​បែបនេះ​កាលពីថ្ងៃពុធម្សិលមិញ ក្នុងអំឡុងការធ្វើ​អធិការកិច្ច ទៅលើ​បណ្តាទីស្នាក់​ការ​​នៃកងយោធាជើងទឹក​របស់ប្រទេសចិន។

បន្ទាប់ពីបានទទួល​ស្តាប់របាយការណ៍​ទាក់ទិននឹង ការបំពេញការងារ​របស់កម្លាំងយោធា​ជើងទឹក លោក ស៊ី ជិនពីង បានថ្លែង​ថា ​​វិស័យយោធាជើងទឹក​ដ៏ខ្លាំងក្លាមួយ គឺជានិមិត្តរូប​ដ៏សំខាន់នៃកងទ័ព​លំដាប់ថ្នាក់​ពិភពលោក និងជាកត្តា​មិនអាចខ្វះបានមួយ​​សម្រាប់ការកសាង​ប្រជាជាតិចិន ឲ្យក្លាយទៅជាមហាអំណាច​ជើងទឹក​ដ៏អស្ចារ្យមួយ​នៅលើពិភពលោក។

គួរបញ្ជាក់ថា នាឱកាសនោះ​ដែរ​លោកប្រធានាធិបតីចិន ក៏បានឆ្លៀតឱកាស​ថ្លែងអំណរអរគុណ ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​ការ​ពារ​ជាតិ របស់ពលទាហានផងដែរ។ ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ប៉ុន្តែងាកមកមើលវិស័យយោធាវិញ គឺខ្លួននៅស្ថិតក្នុងគម្លាតឆ្ងាយពីអាមេរិក និងរុស្ស៊ី​នៅឡើយ ជាពិសេសទៅបច្ចេកវិទ្យាទំនើបៗ ដែលបំពាក់ឲ្យកងកម្លាំងរបស់ខ្លួនប្រើប្រាស់៕