(ប៉េកាំង)៖ នាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅយ៉ាងកៀកបំផុត ១៩គីឡូម៉ែត្រ ពីកោះសិប្បនិម្មិតសាងសង់ឡើងដោយទីក្រុងប៉េកាំង ហើយនេះគឺជាលើកដំបូងផុតដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំងមកកាន់តំបន់ជម្លោះនេះ គិតចាប់តាំងពី លោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមមន្ត្រីអាមេរិកដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែលថ្លែងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា នាវា USS Dewey បានធ្វើដំណើរទៅជិតតំបន់កោះ Mischief Reef នៃទីប្រជុំកោះ Spratly ជាទីដែលចិនកំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេសជិតខាង មានសហរដ្ឋអាមេរិកគាំទ្រនៅ ពីក្រោយ។ ការបញ្ជូននាវាចម្បាំងរបៀបនេះ ក្រោមហេតុផលសេរីភាពនាវាចរ របស់ទីក្រុងវ៉ាស៊ីនតោន តែងតែធ្វើចិនក្ដៅក្រហាយជានិច្ច ដោយចោទប្រកាន់ត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិក កំពុងពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ ដែលជាមូលហេតុនាំឱ្យស្ថានភាពនៅក្នុងតំបន់ ជម្លោះកាន់តែស្មុគស្មាញ។
មួយវិញទៀតសកម្មភាពនេះទៀតសោត កើតមានឡើងនៅចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការពីទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ចិនបានទាមទារគ្រប់គ្រងស្ទើរតែទាំងស្រុង លើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលមានផ្ទៃក្រឡាជាង ៣,៥០០,០០០គីឡូម៉ែត្រក្រឡា ខណៈហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ៕