(ប្រេស៊ីល)៖ មន្ត្រីជាច្រើនរូបត្រូវបានជម្លៀសជាបន្ទាន់ ចេញពីអគារក្រសួង និងស្ថាប័នរដ្ឋមួយចំនួន ដោយសារតែហ្វូងបាតុករ ធ្វើការវាយប្រហារ និងដុតបំផ្លាញ ខណៈពួកគេកំពុងចូលរួមយុទ្ធនាការក្តៅ ទាមទារឲ្យសភាទម្លាក់ប្រធានាធិបតី លោក Michel Temer ចេញពីតំណែង។ ជាការឆ្លើយតប លោក Temer បានចេញបញ្ជាឲ្យដាក់ពង្រាយកម្លាំងយោធា ដើម្បីជួយដល់ប៉ូលិសក្នុងការស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសជាតិឡើងវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
នាថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅប្រេស៊ីល) មនុស្សប្រមាណ ៣៥,០០០នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Brasilia ដើម្បីបង្ហាញពីភាពមិនពេញចិត្តរបស់ពួកគេ ចំពោះមេដឹកនាំបច្ចុប្បន្នរបស់ប្រេស៊ីលគឺ លោក Michel Temer ហើយពួកគេបានទាមទារឲ្យ លោក Temer ចុះចេញពីតំណែងជាបន្ទាន់ និងស្នើឲ្យមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅមុនពេលកំណត់។
ក្រុមបាតុករត្រូវគេរាយការណ៍ថា បានយកភ្លើងដុតអគារនៃក្រសួងកសិកម្ម និងវាយបំផ្លិចបំផ្លាញអគារនៃក្រសួងផែនការរបស់ប្រេស៊ីល រួមទាំងទ្រព្យសម្បត្តិក៏ដូចជាទីកន្លែងសាធារណៈដទៃៗផ្សេងទៀត។ ជាមួយគ្នានេះ កងកម្លាំងប៉ូលិសនៃទីក្រុង Brasilia ក៏បានដាក់ពង្រាយ ដើម្បីបញ្ឈប់និងបំបែកហ្វូងបាតុករ តាមរយៈការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ក៏ប៉ុន្តែក្រុមអ្នកតវ៉ាទាំងនោះបានតបតទៅវិញដោយគប់ដុំថ្ម រួមទាំងវត្ថុផ្សេងៗទៀតទៅលើមន្រ្តីប៉ូលិស។ ប្រការហេតុនេះហើយ ទើបលោកប្រធានាធិបតីប្រេស៊ីលបានចេញអនុក្រិតអនុញ្ញាតកម្លាំងយោធា ឲ្យជួយដល់ប៉ូលិសដើម្បីស្តារសណ្តាប់ធ្នាប់ក្នុងរដ្ឋធានី Brasilia សម្រាប់រយៈពេលមួយសប្តាហ៍បន្ទាប់។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងយ៉ាងក្តៅគគុក ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីលេចលឺព័ត៌មានថា តុលាការកំពូលបានផ្តល់ការអនុញ្ញាត ឲ្យមានការស៊ើបអង្កេតទៅលើលោក Michel Temer ជុំវិញការសង្ស័យថាលោកបានប្រព្រឹត្តអំពើពុករលួយ និងការបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌៕