(ហ្សាការតា)៖ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់ ក្នុងនោះមានជនសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០២នាក់ និងប៉ូលិស ០៣នាក់ នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាពីរលើក ដែលបានកើតឡើង នៅក្បែរចំណតរថយន្ដក្រុងមួយកន្លែង ស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាការតា កាលពីយប់ថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសម្តីមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅឯចំណតរថយន្ដក្រុង Kampung Melayu ដោយការផ្ទុះលើកទីមួយ បានកើតឡើងនៅម៉ោងប្រមាណជា៩៖០០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ហើយ០៥នាទីបន្ទាប់ ទើបការផ្ទុះលើកទីពីរ បានកើតឡើង។
គួរបញ្ជាក់ថា ភ្លាមៗក្រោយការវាយប្រហារនោះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ខណៈមនុស្ស១០នាក់ក៏បានរងរបួសផងដែរ ក៏ប៉ុន្តែពួកសកម្មប្រយុទ្ធមានសម្ព័ន្ធភាពជាមួយពួក ISIS តែងតែដឹកនាំការវាយប្រហាររបៀបនេះ នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕