(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May កំពុងគ្រោងរៀបចំនឹងធ្វើការសង្ខេបដំណើរទស្សនកិច្ចរបស់លោកស្រី នៅឯទីក្រុង Sicily នៃប្រទេសអ៊ីតាលី ដើម្បីចូលរួមកិច្ចប្រជុំ G7 បន្ទាប់ពីកម្រិតនៃការគំរាមកំហែងដោយអំពើភេរវកម្ម ត្រូវបានបង្កើននៅក្នុងចក្រភពអង់គ្លេសដល់កម្រិតធ្ងន់ធ្ងរបំផុត ក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Manchester សម្លាប់មនុស្ស ២២នាក់ និងបង្ករបួស៥៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានពី មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអង់គ្លេសមួយរូប ពីដំបូងឡើយលោកស្រី Theresa May បានតម្រូវឲ្យចូលរួមកិច្ចប្រជុំ នៃបណ្តាប្រជាជាតិដែលឈានមុខគេខាងវិស័យឧស្សាហកម្មនេះ រហូតដល់ចុងបញ្ចប់នៃកិច្ចបិទកម្មវិធី នាថ្ងៃសៅរ៍សប្តាហ៍នេះ ក៏ប៉ុន្តែឥឡូវនេះ លោកស្រី May ក៏បានសម្រេចចិត្តថា លោកស្រីគ្រោងនឹងចាកចេញមកអង់គ្លេសវិញ ក្រោយចូលរួមកិច្ចប្រជុំបានមួយថ្ងៃ។
មន្រ្តីខាងលើបានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ដោយយោងទៅតាមធាតុពិតជាក់ស្តែងដែលថា យើងមានកម្រិតគំរាមកំហែង ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ហើយបូករួមទាំងស្ថានការណ៍ ដែលកំពុងវិវឌ្ឍន៍ទៅមុខថែមទៀតនោះ លោកស្រីនាយករដ្ឋមន្រ្តី កំពុងគ្រោងនឹងពន្លឿនកម្មវិធីរបស់លោកស្រី នៅឯកិច្ចប្រជុំ G7 និងទំនងជាវិលត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញ នាល្ងាចថ្ងៃសុក្រសប្តាហ៍នេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងទីក្រុង Manchester) មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលជាស្នាដៃដ៏ខ្មៅងងឹតរបស់ក្រុមភេរវករ ISIS បានកើតឡើងនៅកន្លែងប្រគុំតន្រ្តី Manchester Arena នៃទីក្រុង Manchester របស់ចក្រភពអង់គ្លេស។ ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតមនុស្សចំនួន ២២នាក់ ដែលភាគច្រើនជាកុមារ និង៥៩នាក់ផ្សេងទៀតបានទទួលរបួសធ្ងន់ និងស្រាល។ ដោយឡែកមកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសអង់គ្លេសបានធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន០៧នាក់ហើយ ជុំវិញអំពើភេរវកម្មដ៏អាក្រក់បំផុត ដែលអង់គ្លេសពុំដែលធ្លាប់បានជួបប្រទះនេះ៕