(ប៊ែលហ្ស៊ិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ិកហើយ ក្រោយពីហោះចេញពីទីក្រុង Rome ប្រទេសអ៊ីតាលី មុនពេលមានកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយក្រុមមេដឹកនាំអង្គការ NATO និងមេដឹកនាំ EU។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី២៤ ខែឧសភានេះ។
លោក ដូណាល់ ត្រាំ បានជួបជាមួយសម្តេចសង្ឃ Pope Francis នៅបុរីវ៉ាទីកង់ នាព្រឹកថ្ងៃពុធនេះ ហើយលោកនឹងបន្តជួបជាមួយ ស្តេចនៃប្រទេសប៊ែលហ្ស៊ិក ព្រះអង្គ Philippe និងនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក លោក Charles Michel នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចំនួន៤ ជាដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕