(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថាលោកនឹងចុះចេញពីតំណែង បើសិនជាមិនអាចនាំយកសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រទេសជាតិ ឬក៏គ្មានសមត្ថភាពកម្ទេចពួក ISIS នៅក្នុងប្រទេសហ្វីលីពីនទេនោះ។ ការថ្លែងបែបនេះ របស់លោក ឌូតឺតេ ធ្វើឡើង ក្រោយក្រុមសកម្មប្រយុទ្ធមានសម្ព័ន្ធភាពជាមួយពួក ISIS បានធ្វើសកម្មភាពវាយប្រហារមកលើទីក្រុង Marawi នៃកោះ Mindanao កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាន លោកឌូតឺតេបានលើកឡើងដូច្នេះថា៖ «បើសិនជាខ្ញុំគ្មានសមត្ថភាព និងលទ្ធភាពក្នុងការរក្សាសណ្ដាប់ធ្នាប់ ប្រទេសរបស់យើង ខ្ញុំសន្យាចំពោះអ្នកទំាងអស់គ្នាថា ខ្ញុំនឹងចុះចេញពីតំណែង ហើយទុកវាឱ្យអ្នកដទៃអង្គុយជំនួស»

គួរបញ្ជាក់ថា លោក ឌូតឺតេ បានសម្រេចចិត្ត​លុបចោល ដំណើរទស្សនកិច្ច​​របស់លោកភ្លាមៗ​ នៅឯប្រទេសរុស្ស៊ី ហើយវិលត្រឡប់មកកាន់​មាតុប្រទេសវិញ ដើម្បីដោះស្រាយ​បញ្ហាដោយផ្ទាល់ ក្រោយ​ពេលដែលទាហាន​ពីរនាក់ និងប៉ូលិសម្នាក់ទៀត​បានស្លាប់ រួមជាមួយ កម្លាំង១២នាក់ ផ្សេងទៀត បានទទួល​រងរបួស នៅក្នុងទីក្រុង Marawi ជាទីដែល​ក្រុមឧទ្ទាម Maute ប្រមាណជា​១០០នាក់ បានដណ្តើមកាន់​កាប់អគារមួយចំនួន និងបានដុតបំផ្លាញ​​សា​លា​រៀន ព្រះវិហារ និង​​មន្ទី​រ​ឃុំឃាំង​ថែមទៀតផង៕