(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានផ្អាកដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសរុស្ស៊ីយ៉ាងទាន់ហន់ និងជិះយន្តហោះត្រឡប់មក ហ្វីលីពីនវិញកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅម៉ូស្គូ) ហើយបានបញ្ជាមកកាន់ទីក្រុងម៉ានីល ឲ្យដាក់ច្បាប់អាជ្ញាសឹកទៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាយប់ថ្ងៃអង្គារដដែលនោះតែម្តង បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងកក្រើករវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមដែលគាំទ្រ ISIS។ នេះបើតាមការសរុបព័ត៌មានជាបន្តបន្ទាប់ នៅល្ងាចថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងមានជាបន្តបន្ទាប់ដូចតទៅ៖
* លោក ឌូតឺតេ បានសម្រេចចិត្តបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកភ្លាមៗ នៅឯប្រទេសរុស្ស៊ី ហើយវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ ក្រោយពេលដែលទាហានពីរនាក់ និងប៉ូលិសម្នាក់ទៀតបានស្លាប់ រួមជាមួយកម្លាំង១២នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងទីក្រុង Marawi ជាទីដែលក្រុមឧទ្ទាម Maute ប្រមាណជា១០០នាក់ បានដណ្តើមកាន់កាប់អគារមួយចំនួន និងបានដុតបំផ្លាញសាលារៀន ព្រះវិហារ និងមន្ទីរឃុំឃាំងថែមទៀតផង។
* មុនត្រឡប់មកវិញ លោក ឌូតឺតេ បានថ្លែងប្រាប់ទៅកាន់ លោក ពូទីន យ៉ាងដូច្នេះថា «ប្រទេសរបស់យើងត្រូវការសព្វាវុធទំនើបៗ ដើម្បីប្រយុទ្ធតទល់នឹងបណ្តាញក្រុម ISIS។ យើងមានការបញ្ជាទិញមួយចំនួនពីសហរដ្ឋអាមេរិក ក៏ប៉ុន្តែបច្ចុប្បន្ននេះស្ថានការណ៍ពុំសូវជាល្អខ្លាំងប៉ុន្មានឡើយ។ ខ្ញុំបានធ្វើដំណើរមកកាន់ទីក្រុងម៉ូស្គូ ដើម្បីស្នើសុំជំនួយក៏ដូចជាការគាំទ្ររបស់អ្នក»។
* នៅម៉ោង១០៖០០នាទីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅហ្វីលីពីន) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានដាក់កោះ Mindanao ទាំងមូលរួមមានទាំងខេត្ត Basilan, Sulu, និង Tawi-Tawi នៅភាគខាងត្បូងប្រទេសអាស៊ានមួយនេះ ឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក។ លោក ឌូតឺតេ បានអះអាងថា រូបលោកត្រូវតែប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីថែរក្សាការពារប្រទេស ក៏ដូចជាប្រជាពលរដ្ឋហ្វីលីពីនឲ្យបានជាដាច់ខាត។
* អំឡុងពេលកំពុងធ្វើដំណើរមកកាន់ប្រទេសជាតិវិញ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធនេះបានប្រាប់ប្រជាជនខ្លួនកុំឱ្យខ្លាច ដោយលោកនឹងដោះស្រាយយ៉ាងតឹងរឹងជាទីបំផុតចំពោះពួកភេរវករ ខណៈលោកផ្ទាល់បានសម្រេចចិត្តដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹកនៅលើកោះ Mindanao រហូតដល់ទៅមួយឆ្នាំបើសិនជារឿងចាំបាច់។
* ថ្លែងនៅលើយន្ដហោះ ដែលឆ្ពោះមកកាន់ទីក្រុងម៉ានីល ប្រធានាធីបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជូនចំពោះប្រជាជាតិរបស់ខ្ញុំ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ នៃការប្រើច្បាប់អាជ្ញាសឹក។ វាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងអ្វីដែលអតីតប្រធានាធិបតី Marcos ធ្លាប់ធ្វើ... បើសិនច្បាប់នេះត្រូវប្រើពេលមួយឆ្នាំ ខ្ញុំនឹងធ្វើវា ហើយបើវាត្រូវការពេលមួយខែ ខ្ញុំក៏នឹងសប្បាយចិត្តធ្វើវាដូចគ្នា ... ជូនចំពោះប្រជាជាតិរបស់ខ្ញុំ អ្នកទំាងអស់គ្នាកុំខ្លាចឱ្យសោះ ព្រោះខ្ញុំកំពុងត្រឡប់ទៅផ្ទះវិញហើយ ខ្ញុំនឹងដោះស្រាយបញ្ហានេះ នៅពេលខ្ញុំទៅដល់ផ្ទះ»។
* បន្ទាប់ពីមកដល់ដែនដីកំណើតវិញភ្លាមៗប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា ពួកឧទ្ទាមដែលមានទំនោរគាំទ្រក្រុម ISIS ស្ថិតនៅភាគខាងត្បូង ហ្វីលីពីន បានកាត់ក្បាលមេប៉ូលិសហ្វីលីពីនហើយលោកក៏បានព្រមានបន្ថែមទៀតថា ច្បាប់អាជ្ញាសឹក នឹងត្រូវដាក់បន្ថែមនៅតំបន់មួយចំនួនទៀតនៅក្នុងប្រទេសដីកោះមួយនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានគ្រោងត្រៀមជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីនាថ្ងៃពុធនេះ និងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែដំណើរជួបប្រធានាធិបតីរុស្ស៊ីត្រូវបានធ្វើឡើងមុនកាលកំណត់ ហើយកម្មវិធីជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីត្រូវបង្ខំចិត្តលុបចោល ដោយលោកត្រូវវិលមកប្រទេសវិញ បីថ្ងៃមុនកាលកំណត់ថ្ងៃសុក្រសប្តាហ៍នេះ៕