BREAKING NEWS: ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត ក្រោយបំផ្ទុះអត្តឃាតស្លាប់មនុស្ស២២នាក់ និងរបួស៥៩នាក់!» (សរុបទាំងអស់ចាប់បានជនសង្ស័យ៤នាក់)
24-05-2017 17:04
(អង់គ្លេស)៖ ទីបំផុតកងកម្លាំងប៉ូលិសអង់គ្លេសបានចាប់ជនសង្ស័យ ជាបុរសចំនួនបីនាក់បន្ថែមទៀត និងបញ្ជូនទៅត្រៀមធ្វើការសួរចម្លើយ ក្រោយអំពើភេរវកម្មដោយការបំផ្ទុះគ្រាប់បែកអត្តឃាត កើតមានឡើងក្នុងទីក្រុងធំទីពីរ Manchester របស់អង់គ្លេសកាលពីយប់ថ្ងៃចន្ទ ដែលបានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី ២២នាក់បាត់បង់ជីវិតក្នុងថ្លុកឈាម និង៥៩នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
កាលពីម្សិលមិញ បុរសម្នាក់វ័យ២៣ឆ្នាំ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ សរុបទាំងអស់ជនសង្ស័យចំនួន៤ហើយ ត្រូវបានចាប់ខ្លួន។
បើតាមប៉ូលិសអង់គ្លេសបញ្ជាក់កាលពីព្រឹកថ្ងៃពុធនេះថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត នៅសាលប្រគុំតន្រ្តី Manchester Arena ក្នុងទីក្រុង Manchester មានឈ្មោះថា Salman Abedi អាយុ២២ឆ្នាំ និងមានម្ដាយឪពុកជាជនភៀសខ្លួនមកពីប្រទេសលីប៊ី។ ចំណែកឯក្រុម ISIS តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq ក៏បានអះអាងដែរថា ជនបំផ្ទុះគ្រាប់បែក អត្តឃាតរូបនេះគឺជាអ្នកប្រយុទ្ធរបស់ពួកគេ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា កម្រិតប្រកាសអាសន្ននៃសកម្មភាពភេរវកម្មនៅក្នុងប្រទេស បានកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាទីបំផុត ខណៈដែលកងកម្លាំងទាហានត្រូវតែធ្វើការដាក់ពង្រាយ ដើម្បីការពារសន្តិសុខក្នុងព្រឹត្តិការណ៍សំខាន់ៗ បន្ថែមពីលើកងកម្លាំងប៉ូលិសដែលមានស្រាប់។ ប៉ូលិសអង់គ្លេសជឿជាក់ថា ជនបំផ្ទុះអត្តឃាតប្រាកដជាមានបក្ខពួក ដែលជួយដល់ការប្រព្រឹត្តអំពើភេរវកម្មនេះជាមិនខាន៕