(ម៉ានីល)៖ បន្ទាប់ពីមកដល់ដែនដីកំណើតវិញភ្លាមៗប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា ពួកឧទ្ទាមដែលមានទំនោរគាំទ្រក្រុម ISIS ស្ថិតនៅភាគខាងត្បូងហ្វីលីពីន បានកាត់ក្បាលមេប៉ូលិសហ្វីលីពីនហើយលោកក៏បានព្រមានបន្ថែមទៀតថា ច្បាប់អាជ្ញាសឹក នឹងត្រូវដាក់បន្ថែមនៅតំបន់មួយចំនួនទៀតនៅក្នុងប្រទេសដីកោះមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានហ្វីលីពីន នារសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
នាព្រឹកថ្ងៃពុធនេះឧបការីផ្នែកទំនាក់ទំនង របស់លោកប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា លោក ឌូតឺតេ បានសម្រេចចិត្តបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកភ្លាមៗ នៅឯប្រទេសរុស្ស៊ី ហើយវិលត្រឡប់មកកាន់មាតុភូមិវិញ ដើម្បីដោះស្រាយបញ្ហាក្រុមភេរវករដោយផ្ទាល់ ក្រោយពេលដែលទាហានពីរនាក់ និងប៉ូលិសម្នាក់ទៀតបានស្លាប់ រួមជាមួយកម្លាំង១២នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងទីក្រុង Marawi ជាទីដែលក្រុមឧទ្ទាម Maute គាំទ្រ ISIS ប្រមាណជា១០០នាក់ បានដណ្តើមកាន់កាប់អគារមួយចំនួន និងបានដុតបំផ្លាញសាលារៀន ព្រះវិហារ និងមន្ទីរឃុំឃាំងថែមទៀតផង។
ដោយឡែក ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីអំឡុងពេលកំពុងស្ថិតនៅលើយន្ដហោះ ធ្វើដំណើរឆ្ពោះមកកាន់ទីក្រុងម៉ានីលវិញ ប្រធានាធីបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជូនចំពោះប្រជាជាតិរបស់ខ្ញុំ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ នៃការប្រើច្បាប់អាជ្ញាសឹក។ វាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងអ្វីដែលអតីតប្រធានាធិបតី Marcos ធ្លាប់ធ្វើ... បើសិនច្បាប់នេះត្រូវប្រើពេលមួយឆ្នាំ ខ្ញុំនឹងធ្វើវា ហើយបើវាត្រូវការពេលមួយខែ ខ្ញុំក៏នឹងសប្បាយចិត្តធ្វើវាដូចគ្នា ... ជូនចំពោះប្រជាជាតិរបស់ខ្ញុំ អ្នកទំាងអស់គ្នាកុំខ្លាចឱ្យសោះ ព្រោះខ្ញុំកំពុងត្រឡប់ទៅផ្ទះវិញហើយ ខ្ញុំនឹងដោះស្រាយបញ្ហានេះ នៅពេលខ្ញុំទៅដល់ផ្ទះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានគ្រោងត្រៀមជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីនាថ្ងៃពុធនេះ និងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែដំណើរជួបប្រធានាធិបតីរុស្ស៊ី ត្រូវបានធ្វើឡើងនាព្រលប់ថ្ងៃអង្គារមុនកាលកំណត់ ហើយកម្មវិធីជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីត្រូវបង្ខំចិត្តលុបចោល ដោយលោកត្រូវវិលមកប្រទេសវិញ បីថ្ងៃមុនកាលកំណត់ថ្ងៃសុក្រសប្តាហ៍នេះ៕