(ញូដេលី)៖ យោធាប្រទេសឥណ្ឌានាថ្ងៃពុធនេះ បានបន្តបង្កើនប្រតិបត្តិការយ៉ាងស្វិតស្វាញ ដើម្បីតាមស្វែងរកដានរបស់យន្តហោះចម្បាំងធុន Sukhoi-30 MKI មួយគ្រឿងដែលបានបាត់ដំណឹងសូន្យឈឹង រួមជាមួយនិងអាកាសយានិកចំនួនពីររូបនៅលើនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ស្របពេលនៃការតាមរុករកបាន និងកំពុងឈានចូលដល់ថ្ងៃទីពីរហើយនោះ ក្រុមភ្នាក់ងារជួយសង្រ្គោះពុំទាន់អាចរកឃើញយន្តហោះចម្បាំង ដែលកំពុងបាត់ខ្លួននៅឡើយទេមកទល់រសៀលថ្ងៃពុធនេះ បន្ទាប់ពីយន្តហោះចម្បាំងធុន Sukhoi-30 MKI របស់កងទ័ពអាកាសឥណ្ឌាមួយគ្រឿង បានដាច់ការទាក់ទងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីបានហោះហើរចាកចេញពីមូលដ្ឋានទ័ពអាកាស Tezpur ដែលស្ថិតនៅក្នុងរដ្ឋ Assam ភាគឦសានប្រទេស ដើម្បីធ្វើការហ្វឹកហ្វឺន។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៧នេះ យន្តហោះចម្បាំង Sukhoi មួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Barmer នៃរដ្ឋ Rajasthan ហើយបើគិតចាប់តាំងពីការប្រើប្រាស់យន្តហោះចម្បាំងធុន Sukhoi-30 ដែលជាប្រភេទយន្តហោះល្បឿនលឿនជាងសំឡេង មានម៉ាស៊ីនពីរផលិតឡើងដោយរុស្ស៊ី នៅក្នុងជួរកងទ័ពជើងអាកាសឥណ្ឌាកាលពីឆ្នាំ១៩៩៧មក យន្តហោះធុននេះសរុបចំនួន០៧គ្រឿងហើយ បានធ្លាក់៕