(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា មេដឹកនាំកូរ៉េខាងជើង គឺជាមនុស្សឆ្កួតនឹងគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងអំឡុងពេលនិយាយទូរស័ព្ទឯកជនជាមួយប្រធានាធិបតីអាមេរិក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កាលពីចុងខែមេសាកន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅរសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងតែជាង ០៣ថ្ងៃប៉ុណ្ណោះមុននឹងលោកបង្ហាញពីបំណងចង់ជួប លោក គីម ជុងអ៊ុន នៅពេលវេលាសាកសមណាមួយ។ ក៏ប៉ុន្តែបើតាម Washington Post នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ឌូតឺតេ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនអាចបណ្ដោយឱ្យមនុស្សឆ្កួតនឹងអាវុធនុយក្លេអ៊ែរ មានសេរីភាពធ្វើអ្វីតាមទំនើងចិត្តនោះទេ ...យើងមានកម្លាំងយោធាខ្លាំងជាងគាត់ (លោក គីម ជុងអ៊ុន) ២០ដង តែយើងមិនចង់ប្រើវាទេ»។
មិនតែប៉ុណ្ណោះនៅឱកាសនោះដែរ លោកត្រាំ ក៏បានសួរលោក ឌូតឺតេ ថាតើលោក គីម ជុងអ៊ុន ជាមនុស្សធម្មតា ឬមនុស្សឆ្កួត ប្រធានាធិបតីហ្វីលីពីនរូបនេះបានឆ្លើយថា លោក គីម កំពុងប្រលែងលេងជាមួយគ្រាប់បែកនុយក្លេអ៊ែរ ដូចជារបស់ក្មេងលេង ដូច្នេះគាត់អាចនឹងឆ្កួតនៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា នៅពេលលោក ដូណាល់ ត្រាំ សួរថាចិនមានឥទ្ធិពលលើលោក គីម ជុងអ៊ុន ដែរឬទេ? លោក ឌូតឺតេ បាននិយាយដោយគ្មានស្ទាក់ស្ទើរថា សន្លឹកបៀរធំបំផុតចុងក្រោយ គឺចិនតែមួយគត់ ដែលអាចដោះស្រាយជាមួយទីក្រុងព្យុងយ៉ាងបាន។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ខាងសេតវិមាន មិនទាន់ទទួលស្គាល់ព័ត៌មាននេះ ជាផ្លូវការនៅឡើយទេ៕