(រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយសម្ដេច ប៉ាប ហ្រ្វង់ស៊ីស ហើយ នៅថ្ងៃពុធនេះនាបុរីវ៉ាទីកង់ ក្នុងជំនួបឯកជនដ៏ខ្លីមួយដែលមានរយៈពេលប្រហែលជា ២០នាទី នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់ទ្វីបអឺរ៉ុប ក្រោយបញ្ចប់ទស្សនកិច្ចនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានមកដល់អាកាសយានដ្ឋាន ឡេអូណាដ ឌឺ វំាងស៊ី (Leonard-de-Vinci) ក្នុងទីក្រុងរ៉ូមកាលពីថ្ងៃអង្គារ។ ដោយឡែកបើតាមកាលវិភាគ ប្រធានាធិបតីអាមេរិករូបនេះ នឹងត្រូវចំណាយពេល ២៤ម៉ោង ស្ថិតនៅក្នុងប្រទេសអ៊ីតាលី មុននឹងបន្តដំណើរទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ ព្រមទំាងជួបពិភាក្សានឹងថ្នាក់ដឹកនាំអឺរ៉ុបនានា។
ចំពោះអ្វីដែលគេកំពុងទន្ទឹមរង់ចាំមើលនៅក្នុងជំនួបនេះ លោក ត្រាំ នឹងនិយាយអ្វីខ្លះទៅកាន់សម្ដេច ប៉ាប ហ្រ្វង់ស៊ីស បន្ទាប់ពីអ្នកទំាងពីរធ្លាប់បានតឹងសសៃកដាក់គ្នា ដោយសារតែគោលនយោបាយជនភៀសខ្លួន របស់លោក ត្រាំ ជាពិសេសគឺការសាងសង់ ជញ្ជំាងព្រំដែនជាមួយមិចស៊ីកូតែម្ដង ដោយសម្ដេច ប៉ាប ធ្លាប់បានរិះគន់យ៉ាងខ្លាំងលើគំរោងទំាងនេះ ហើយថែមទំាងចាត់ទុកថា អ្នកដែលចេះតែសាងសង់ជញ្ជាំង និងរបងដូចជាលោក ត្រាំ មិនមែនជាអ្នកកាន់សាសនាគ្រិស្ដឡើយ រីឯលោក ត្រាំ វិញក៏បានចាត់ទុកថា សម្ដេច ប៉ាប ជាអ្នកនយោបាយមួយរូបផងដែរ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរសំចតនៅទីក្រុងព្រុចសែល លោក ដូណាល់ ត្រាំ នឹងជិះយន្ដហោះមកអ៊ីតាលីជាថ្មីសម្រាប់កិច្ចប្រជុំ G7៕