(ម៉ូស្គូ)៖ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូយ៉ាងតក់ក្រហល់នោះ ប្រធានាធិបតីហ្វីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាយប់ថ្ងៃអង្គារម្សិលមិញនេះ បានស្នើដល់សមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឲ្យជួយគាំទ្រផ្នែកសព្វាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រជាជាតិអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោក ឌូតឺតេ បានថ្លែងប្រាប់ទៅកាន់ លោក ពូទីន នាយប់មិញនេះយ៉ាងដូច្នេះថា «ប្រទេសរបស់យើងត្រូវការសព្វាវុធទំនើបៗ ដើម្បីប្រយុទ្ធតទល់នឹងបណ្តាញក្រុម ISIS។ យើងមានការបញ្ជាទិញមួយចំនួនពីសហរដ្ឋអាមេរិក ក៏ប៉ុន្តែបច្ចុប្បន្ននេះស្ថានការណ៍ពុំសូវជាល្អខ្លាំងប៉ុន្មានឡើយ។ ខ្ញុំបានធ្វើដំណើរមកកាន់ទីក្រុងម៉ូស្គូ ដើម្បីស្នើសុំជំនួយក៏ដូចជាការគាំទ្ររបស់អ្នក»។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានគ្រោងត្រៀមជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីនាថ្ងៃពុធនេះ និងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែដំណើរជួបប្រធានាធិបតីរុស្ស៊ីត្រូវបានធ្វើឡើងមុនកាលកំណត់ ហើយកម្មវិធីជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីត្រូវបង្ខំចិត្តលុបចោល ដោយលោកត្រូវវិលមកប្រទេសវិញ បីថ្ងៃមុនកាលកំណត់ថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏កក្រើករវាងកងកម្លាំងសន្តិសុខនិងក្រុមឧទ្ទាម នៅក្នុងខេត្ត Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន៕