(វ៉ាស៊ីនតោន)៖ ក្រុមសហសេវិកនៃយន្តហោះធុន Boeing 757 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានបង្ខំចិត្តធ្វើការជម្លៀសអ្នកដំណើរជាង ១២០នាក់ ចេញជាបន្ទាន់បន្ទាប់ពីម៉ាស៊ីនមួយចំហៀងរបស់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ ដែលមានគោលដៅពីអាកាសយានដ្ឋានទីក្រុង Newark នៃរដ្ឋ New Jersey ឆ្ពោះទៅកាន់ San Francisco បានឆាបឆេះឡើង នៅអំឡុងពេលព្យាយាមធ្វើការហោះហើរ ចាកចេញពីព្រលានយន្តហោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
United Airlines បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងយ៉ាងដូច្នេះថា «នៅអំឡុងពេលត្រៀមខ្លួន ព្យាយាមធ្វើការហោះចាកចេញពីទីក្រុង Newark ដើម្បីឆ្ពោះទៅកាន់ទីក្រុង San Francisco ស្ថានីយ៍គ្រប់គ្រងការហោះហើរបានឲ្យសញ្ញា ក៏ដូចជាជូនដំណឹងទៅកាន់ក្រុមសហសេវិកនៃជើងហោះហើរ លេខ១៥៧៩ នេះថា មានអណ្តាតភ្លើងឆាបឆេះចេញពីម៉ាស៊ីនម្ខាងនៃយន្តហោះ។ ភ្លាមៗនោះក្រុមការងារលើយន្តហោះ Boeing 757 ក៏បានជម្លៀសមនុស្សចេញជាបន្ទាន់»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក យន្តហោះរបស់អាកាសចរណ៍ United Airlines ខាងលើនេះ មានផ្ទុកអ្នកដំណើរសរុបចំនួន ១២៤នាក់ រួមទាំងសហសេវិកចំនួន០៧នាក់។ ជុំវិញហេតុការណ៍នេះ អាកាសយានដ្ឋាន Newark ត្រូវបានបិទទ្វារអស់មួយរយៈពេលខ្លី នៅមុនពេលបើកដំណើរការឡើងវិញ បន្ទាប់ពីអាជ្ញាធរជំនាញបានពន្លត់អគ្គីភ័យនោះ ហើយផ្លូវហោះហើរត្រូវបានសម្អាត។ យ៉ាងណាមិញមនុស្សសរុបចំនួន ០៥នាក់ បានទទួលរបួសស្រាលបន្តិចបន្តួរ៕