(ម៉ានីល)៖ អំឡុងពេលកំពុងធ្វើដំណើរមកកាន់ប្រទេសជាតិវិញ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធនេះបានប្រាប់ប្រជាជនខ្លួនកុំឱ្យខ្លាច ដោយលោកនឹងដោះស្រាយយ៉ាងតឹងរឹងជាទីបំផុតចំពោះពួកភេរវករ ខណៈលោកផ្ទាល់បានសម្រេចចិត្តដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹកនៅលើកោះ Mindanao រហូតដល់ទៅមួយឆ្នាំបើសិនជារឿងចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
លោក ឌូតឺតេ សម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូភ្លាមៗ ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងពួកបណ្ដាញគាំទ្រ ISIS និងកងកម្លាំងហ្វីលីពីន។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍លើយន្ដហោះ ដែលកំពុងឆ្ពោះមកកាន់ទីក្រុងម៉ានីល ប្រធានាធីបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជូនចំពោះប្រជាជាតិរបស់ខ្ញុំ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ នៃការប្រើច្បាប់អាជ្ញាសឹក។ វាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងអ្វីដែលអតីតប្រធានាធិបតី Marcos ធ្លាប់ធ្វើ... បើសិនច្បាប់នេះត្រូវប្រើពេលមួយឆ្នាំ ខ្ញុំនឹងធ្វើវា ហើយបើវាត្រូវការពេលមួយខែ ខ្ញុំក៏នឹងសប្បាយចិត្តធ្វើវាដូចគ្នា ... ជូនចំពោះប្រជាជាតិរបស់ខ្ញុំ អ្នកទំាងអស់គ្នាកុំខ្លាចឱ្យសោះ ព្រោះខ្ញុំកំពុងត្រឡប់ទៅផ្ទះវិញហើយ ខ្ញុំនឹងដោះស្រាយបញ្ហានេះ នៅពេលខ្ញុំទៅដល់ផ្ទះ»។
គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចរវាងពួកបណ្ដាញ ISIS និងកងកម្លាំងហ្វីលីពីនកាលពីថ្ងៃអង្គារ នៅទីក្រុង Marawi បានបណ្ដាលឱ្យ ទាហាន០២នាក់ និងប៉ូលិសហ្វីលីពីនម្នាក់បានស្លាប់ រីឯមនុស្ស១២នាក់ផ្សេងទៀត បានរងរបួស។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានផ្អាកដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសរុស្ស៊ីយ៉ាងទាន់ហន់ និងជិះយន្តហោះត្រឡប់មកហ្វីលីពីនវិញកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅម៉ូស្គូ) ហើយបានបញ្ជាមកកាន់ទីក្រុងម៉ានីល ឲ្យដាក់ច្បាប់អាជ្ញាសឹកទៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាយប់ថ្ងៃអង្គារដដែលនោះតែម្តង។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានគ្រោងត្រៀមជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីនាថ្ងៃពុធនេះ និងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែដំណើរជួបប្រធានាធិបតីរុស្ស៊ីត្រូវបានធ្វើឡើងមុនកាលកំណត់ ហើយកម្មវិធីជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីត្រូវបង្ខំចិត្តលុបចោល ដោយលោកត្រូវវិលមកប្រទេសវិញ បីថ្ងៃមុនកាលកំណត់ថ្ងៃសុក្រសប្តាហ៍នេះ៕