(សេអ៊ូល)៖ សហភាពអឺរ៉ុបបានសម្រេចចិត្តបន្តការដាក់កំហិត លើក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូរ៉េខាងជើង Air Koryo មិនឱ្យហោះហើរនៅក្នុងដែនអាកាសអឺរ៉ុប សម្រាប់រយៈពេល០៧ឆ្នាំ ខណៈបច្ចុប្បន្នក្រុមហ៊ុន រដ្ឋកូរ៉េខាងជើងមួយនេះ មិនមានសេវាកម្មហោះហើរ ទៅកាន់តំបន់អឺរ៉ុបនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ផ្អែកលើការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន គណៈកម្មាការអឺរ៉ុបបានឱ្យដឹងថា ពួកគេនឹងបន្តការហាមឃាត់លើរាល់យន្ដហោះរបស់ ក្រុមហ៊ុន Air Koryo លើកលែងតែយន្ដហោះពីរគ្រឿងផលិតនៅរុស្ស៊ីប្រភេទ TU-204 មិនឱ្យហោះហើរក្នុងដែនអាកាសអឺរ៉ុប ក្រោមហេតុផលមិនបានគោរពតាម ស្ដង់ដារសុវត្ថិភាពអន្តរជាតិ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់បម្រាមលើក្រុមហ៊ុន Air Koryo ក្នុងការធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសអឺរ៉ុប ដោយសារតែមិនបានគោរពតាមស្ដង់ដារសុវត្ថិភាពអន្តរជាតិ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ។ ក៏ប៉ុន្តែទណ្ឌកម្មនេះត្រូវបានលើកលែងមួយផ្នែកកាលពីឆ្នាំ២០១០ នៅពេលកូរ៉េខាងជើង ដាក់បង្ហាញយន្ដហោះប្រភេទ TU-204 ដែលមានស្ដង់ដារសុវត្ថិភាពត្រឹមត្រូវ៕