(រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ហើយបើតាមការគ្រោងទុក លោកនឹងត្រូវជួបសម្ដេច ប៉ាប ហ្រ្វង់ស៊ីស នៅថ្ងៃពុធនេះក៏ដូចជាពិភាក្សាការងារជាមួយក្រុមមន្ត្រីអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
យន្ដហោះពិសេស Air Force One របស់ លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន ឡេអូណា ឌឺ វំាងស៊ី (Leonard-de-Vinci) ក្នុងទីក្រុងរ៉ូម។ ដោយឡែកបើតាមកាលវិភាគប្រធានាធិបតីអាមេរិករូបនេះ នឹងត្រូវចំណាយពេល ២៤ម៉ោង ស្ថិតនៅក្នុងប្រទេសអ៊ីតាលី មុននឹងបន្តដំណើរ ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ ព្រមទំាងជួបពិភាក្សានឹងថ្នាក់ដឹកនាំអឺរ៉ុប ខណៈសកម្មភាពភេរវកម្មបាន ចាប់កក្រើកឡើងវិញ ក្រោយមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅអង់គ្លេស ដែលក្រុម ISIS អះអាងថា ជាស្នាដៃរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរសំចតនៅទីក្រុងព្រុចសែល លោក ដូណាល់ ត្រាំ នឹងជិះយន្ដហោះមកអ៊ីតាលីជាថ្មី សម្រាប់កិច្ចប្រជុំ G7។ ក៏ប៉ុន្តែអ្វីដែលគេកំពុងទន្ទឹមរង់ចាំមើលនោះថា តើនៅថ្ងៃពុធនេះ លោក ត្រាំ នឹងនិយាយអ្វីទៅកាន់សម្ដេច ប៉ាប ហ្រ្វង់ស៊ីស បន្ទាប់ពីអ្នកទំាងពីរធ្លាប់បានតឹងសសៃកដាក់គ្នា ដោយសារតែគោលនយោបាយជនភៀសខ្លួនរបស់លោក ត្រាំ ជាពិសេសគឺការសាងសង់ ជញ្ជំាងព្រំដែនជាមួយមិចស៊ីកូតែម្ដង ដោយសម្ដេច ប៉ាប បានចាត់ទុកថា អ្នកដែលចេះតែសាងសង់ជញ្ជាំង និងរបងមិនមែនជាអ្នកកាន់សាសនគ្រិស្ដឡើយ រីឯលោក ត្រាំ ក៏បានចាត់ទុកថា សម្ដេច ប៉ាប ថាអ្នកនយោបាយមួយរូបដែរ៕