(កាតា)៖ រដ្ឋាភិបាលកាតានៅថ្ងៃពុធនេះ បានប្រកាសឲ្យដឹងថាទីភ្នាក់ងារដ្ឋរបស់ខ្លួន ត្រូវបាន Hack ដោយអង្គភាពអនាមិកមួយ ដែលបានចេញផ្សាយព័ត៌មានមិនពិតមួយចំនួន ទាក់ទិននឹងព្រះចៅរបស់ប្រទេសនេះ គឺព្រះអង្គ Sheikh Tamim Bin Hamad Al-Thani រួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍មួយផងដែរថា ទំនាក់ទំនងនៃប្រទេសរបស់ព្រះអង្គ ជាមួយនិងអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time of Israel នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលប្រទេសកាតា បានធ្វើសេចក្តីថ្លែងការណ៍ឲ្យដឹងថា «ទីភ្នាក់ងារព័ត៌មាន Qatar News Agency បានទទួលរងការវាយលុកដោយប្រព័ន្ធព័ត៌មានវិទ្យា ដែលធ្វើឡើងដោយអង្គភាពអនាមិកមួយ ហើយសេចក្តីថ្លែងការណ៍បង្កភាពភ័ន្តច្រឡំមួយទាក់ទិននឹងព្រះអង្គ Sheikh Tamim bin Hamad Al-Thani ក៏ត្រូវបានចេញផ្សាយ»។ ជាមួយគ្នានេះអាជ្ញាធរកាតាក៏នឹងបើកការស៊ើបអង្កេត ជុំវិញភាពចន្លោះប្រហោងផ្នែកសន្តិសុខនេះផងដែរ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព្រះចៅ Al-Thani បានផ្តោតសំខាន់ទៅលើបញ្ហានយោបាយរសើបៗ ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ រួមបញ្ចូលទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏ដូចជាទំនាក់ទំនងរបស់កាតាជាមួយប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ផងដែរ។
យោងតាមការចេញផ្សាយដោយរបស់ Qatar News Agency ក្រោយពីត្រូវបានគេ Hack ព្រះអង្គ Sheikh Tamim bin Hamad Al-Thani បានមានព្រះបន្ទូលថា ចំណងទាក់ទងរវាងកាតា និងអ៊ីស្រាអែល ស្ថិតក្នុងសភាពដ៏ល្អ ហើយព្រះអង្គបានសង្ឃឹមថា នឹងអាចដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្រេចកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រៅពីនេះក៏មានការចេញផ្សាយទៀតថា ព្រះអង្គ Al-Thani បានលើកឡើងថា វាពុំសមហេតុសមផលនោះឡើយ ក្នុងការពាក់មុខយក្សដាក់ប្រទេសអ៊ីរ៉ង់ ហើយទំនាក់ទំនងកាតាជាមួយអាមេរិក ក្រោមរដ្ឋបាលដឹកនាំរបស់ លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងភាពតានតឹង៕