(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា វត្ថុចម្លែកម្យ៉ាងដែលហោះចេញពីកូរ៉េខាងជើង ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង គ្រាន់តែជាប៉េងប៉ោងហោះតែប៉ុណ្ណោះ បន្ទាប់ពីយោធារបស់ខ្លួន បានចំណាយគ្រាប់កំាភ្លើងយន្ដជិត ៩០គ្រាប់ បាញ់ព្រមាន ប៉េងប៉ោងហោះទាំងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័តមាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង កាលពីដំបូងឡើយវត្ថុចម្លែកខាងលើត្រូវបានសង្ស័យថា ជាយន្ដហោះដ្រូន បានហោះឆ្លងកាត់ព្រំដែនចូលមកក្នុង ទឹកដីកូរ៉េខាងត្បូងនៃតំបន់ Chorwon ស្ថិតនៅក្នុងខេត្ត Gangwon នៅម៉ោងប្រមាណ ៤៖០០នាទីរសៀលថ្ងៃអង្គារ ហើយព្រមពេលជាមួយគ្នា ពួកគេបានបាញ់កាំភ្លើងយន្ដធុន K-3 ជាង៩០គ្រាប់ជាការព្រមាន។
ជុំវិញបញ្ហាខាងលើ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-gyun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមានលទ្ធភាពតិចតួចណាស់ថា វត្ថុចម្លែកនោះគឺជាយន្ដហោះដ្រូន (...) ពោលគឺបន្ទាប់ពីការវិភាគ យើងបានសន្និដ្ឋានចុងក្រោយថា វាគ្រាន់តែជាប៉េងប៉ោង ចែកចាយខិតប័ណ្ណរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ»។
គួររំលឹកថា កាលពីខែមករាកន្លងទៅ យន្ដហោះដ្រូនរបស់កូរ៉េខាងជើងបានហោះចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ហើយកងទ័ពកូរ៉េខាងត្បូង ក៏បានបាញ់ព្រមានដូចគ្នានេះផងដែរ៕