(ឡុងដ៍)៖ បន្ទាប់ពីមានការវាយប្រហារភេរវកម្ម​ដោយបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស២២នាក់ និងបង្ករបួសជាង៥៩នាក់ នៅឯទីក្រុង Manchester នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា កម្រិតប្រកាសអាសន្ននៃសកម្មភាពភេរវកម្ម​នៅក្នុងប្រទេស​ បានកើនឡើងខ្ពស់​គួរឱ្យព្រួយបារម្ភ​ជាទីបំផុត ខណៈដែលកងកម្លាំងទាហានត្រូវតែធ្វើការដាក់ពង្រាយ ដើម្បីការពារសន្តិសុខក្នុងព្រឹត្តិការណ៍សំខាន់ៗ បន្ថែមពីលើកងកម្លាំងប៉ូលិសដែលមានស្រាប់។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ លោកស្រីនាយករដ្ឋមន្ត្រី​បានបញ្ជាក់ទៀតថា ដោយសារតែការ​ព្រួយបារម្ភនេះ កងទ័ពនឹងត្រូវបាន​ដាក់ពងា្រយ ជាពិសេស​នៅក្នុងឱកាសនៃព្រឹត្តិការណ៍​ប្រកួតកីឡាតែម្ដង ដើម្បីជួយគ្រាំទ្រដល់​អាជ្ញាធរប៉ូលិស​ ក្នុងការទប់ស្កាត់សកម្មភាព​ភេរវកម្ម កុំឱ្យកើតឡើង​ជាថ្មីម្ដងទៀត។ «វាមិនមែនជារឿងដែលមិនអាចទៅរួចឡើយ​ដែលថា​ សកម្មភាពវាយប្រហារ​ភេរវកម្មផ្សេងទៀត​ នឹងកើតឡើងនៅពេលដ៏ខ្លីខាងមុខនេះ»។ នេះជាសម្ដី​លោកស្រី Theresa May។

គួរបញ្ជាក់ថា បើតាមប៉ូលិស​អង់គ្លេស ជនសង្ស័យបំផ្ទុះគ្រាប់បែក​អត្តឃាត នៅសាល​ប្រគុំតន្រ្តី Manchester Arena ក្នុងទីក្រុង Manchester មានឈ្មោះថា Salman Abedi អាយុ២២ឆ្នាំ និងមានម្ដាយ​ឪពុកជាជនភៀស​ខ្លួនមកពីប្រទេសលីប៊ី។ ចំណែកឯក្រុម ISIS តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ​ឈ្មោះ Amaq ក៏បានអះអាង​ដែរថា ជនបំផ្ទុះគ្រាប់បែក អត្តឃាតរូបនេះ​គឺជាអ្នកប្រយុទ្ធ​របស់ពួកវា៕