(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានផ្អាកដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសរុស្ស៊ីយ៉ាងទាន់ហន់ និងជិះយន្តហោះត្រឡប់មក ហ្វីលីពីនវិញ នៅយប់ថ្ងៃអង្គារ (ម៉ោងនៅម៉ូស្គូ) ហើយបានបញ្ជាមកកាន់ទីក្រុងម៉ានីល ឲ្យដាក់ច្បាប់អាជ្ញាសឹកទៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាយប់ថ្ងៃអង្គារដដែលនោះតែម្តង បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងកក្រើករវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមដែលគាំទ្រ ISIS។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ឧបការីទំនាក់ទំនងរបស់លោកប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក ឌូតឺតេ បានសម្រេចចិត្តបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកភ្លាមៗ នៅឯប្រទេសរុស្ស៊ី ហើយវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ ក្រោយពេលដែលទាហានពីរនាក់ និងប៉ូលិសម្នាក់ទៀតបានស្លាប់ រួមជាមួយកម្លាំង ១២នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងទីក្រុង Marawi ជាទីដែលក្រុមឧទ្ទាម Maute ប្រមាណជា១០០នាក់ បានដណ្តើមកាន់កាប់អគារមួយចំនួន និងបានដុតបំផ្លាញសាលារៀន ព្រះវិហារ និងមន្ទីរឃុំឃាំងថែមទៀតផង។
នៅម៉ោង១០៖០០នាទីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅហ្វីលីពីន) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានដាក់កោះ Mindanao ទាំងមូលរួមមានទាំងខេត្ត Basilan, Sulu, និង Tawi-Tawi នៅភាគខាងត្បូងប្រទេសអាស៊ានមួយនេះ ឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក។ លោក ឌូតឺតេ បានអះអាងថា រូបលោកត្រូវតែប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីថែរក្សាការពារប្រទេស ក៏ដូចជាប្រជាពលរដ្ឋហ្វីលីពីនឲ្យបានជាដាច់ខាត។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបានគ្រោងត្រៀមជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីនាថ្ងៃពុធនេះ និងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែដំណើរទស្សនកិច្ចជួបប្រធានាធិបតីរុស្ស៊ី ត្រូវបានធ្វើឡើងមុនកាលកំណត់ ហើយកម្មវិធីជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ត្រូវបង្ខំចិត្តលុបចោល ដោយលោកត្រូវវិលមកប្រទេសវិញ បីថ្ងៃមុនកាលកំណត់។ ពោលគឺត្រូវត្រឡប់មកវិញថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែត្រូវបង្ខំចិត្តត្រឡប់មកវិញថ្ងៃអង្គារ៍៕