(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Brennan បាននិយាយថា ធ្លាប់បានព្រមានទីក្រុងមូស្គូ កាលពីរដូវក្ដៅកន្លងទៅ កុំឱ្យជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង ប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក John Brennan ធ្វើឡើងនៅក្នុងអំឡុងពេលផ្ដល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតសភា នៅថ្ងៃអង្គារ សប្តាហ៍នេះ។ លោក Brennan បានបញ្ជាក់ដូច្នេះថា៖ «វាពិតជាប្រាកដណាស់សម្រាប់អ្នកទំាងអស់គ្នា រុស្ស៊ីបានព្យាយាមលូកដៃចូលក្នុងដំណើរ ការកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក របស់យើងកាលពីឆ្នាំ២០១៦ ហើយពួកគេនៅតែធ្វើសកម្មភាពបែបនេះ បើទោះបីជាមាន ការជំទាស់ យ៉ាងខ្លាំង និងការព្រមានពីពួកយើងកុំឱ្យធ្វើដូច្នេះក៏ដោយ»។
បន្ថែមពីលើនេះ លោក Brennan បានអះអាងដែរថា លោកគឺជាមន្ត្រី អាមេរិកដំបូងគេបំផុត ដែលហ៊ាននិយាយពីការជ្រៀតជ្រែតកិច្ចការបោះឆ្នោត ជាមួយរុស្ស៊ី ដោយលោកបញ្ជាក់ទៀតថាលោកបានជួបជាមួយ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី FSB លោក Alexander Bortnikov កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធជាច្រើនលើកថាខ្លួនមិនបានជ្រៀតជ្រែតក្នុងកិច្ចការបោះឆ្នោតអាមេរិកនោះទេ ហើយសូម្បីតែប្រធានាធិបតីលោក ដូណាល់ ត្រាំ ផ្ទាល់ ក៏ធ្លាប់បានទាត់ចោលព័ត៌មាននេះដែរ៕