(ឡុងដ៏)៖ ប៉ូលិសអង់គ្លេសបានឱ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស ២២នាក់ និងរបួសជាង៥៩នាក់ នៅឯសាលប្រគុំតន្រ្តី Manchester Arena ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសអង់គ្លេស នៅថ្ងៃចន្ទសប្តាហ៍នេះ មានឈ្មោះថា Salman Abedi អាយុ២២ឆ្នាំ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស ជនឈ្មោះ Salman Abedi កើតនៅឆ្នាំ១៩៩៤ ក្នុងទីក្រុង Manchester គឺជាកូនទីពីរក្នុងចំណោមកូន០៤នាក់ ហើយមាន ម្ដាយឪពុកជាជនភៀសខ្លួនលីប៊ី។ ដោយឡែកជុំវិញអំពើភេរវកម្មនេះដែរ ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq បានអះអាងថា ជនបផ្ទុះគ្រាប់បែក អត្តឃាតរូបនេះ គឺជាអ្នកប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងព្រមានដែរថាពួកគេនឹងបន្តធ្វើការវាយប្រហារភេរវកម្ម នៅអឺរ៉ុប។
គួរបញ្ជាក់ថា បើតាមប៉ូលិសប្រចាំទីក្រុង Manchester ដែលជាទីក្រុងដ៏ធំបំផុតទីពីររបស់អង់គ្លេសបានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែក នេះបានកើត ឡើងនាវេលាម៉ោងប្រមាណជា១០៖៣៥នាទីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅមាត់ច្រកចេញខាងក្រៅ កន្លែងប្រគុំតន្រី្តដែលមាន សមត្ថភាពផ្ទុកអ្នកចូលរួមបានដល់ទៅ២១,០០០នាក់៕