(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បង្ហាញភាពកក់ក្ដៅគំាទ្រដល់អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីសា្រអែល តែប្រើប្រាស់វោហាសព្ទ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ គឺមានន័យថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំខ្លួនធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ នេះបើតាមអតីតមន្ត្រីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Phil Giraldi ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចប្រជុំកំពូលអ៊ីស្លាម-អាមេរិក ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក ដូណាល់ ត្រាំ បានព្រមានក៏ដូចជាចោទត្រង់ៗតែម្ដង ថាអ៊ីរ៉ង់កំពុងធ្វើសកម្មភាពនិងគំាទ្រក្រុមភេរវករ ដោយបង្កឱ្យមានភាពវឹកវរនៅក្នុងតំបន់។ ដោយឡែកជុំវិញបញ្ហានេះដែរ លោក Phil Giraldi នៅក្នុងបទសម្ភាសជាមួយ Sputnik បានលើកឡើងដូច្នេះថា៖ «ខ្ញុំពិតជាមានការព្រួយបារម្ភថាយើងអាចនឹងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក្នុងរយៈពេល ដ៏យូរ ត្បិតដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតំបន់មជ្ឈិមបូព៌ាប៉ុន្មានថ្ងៃមកនេះ បញ្ជាក់ថាលោក និង អារ៉ាប៊ីសាអ៊ូឌីត រួមទាំងអ៊ីស្រាអែល បានត្រៀមខ្លួនរួចស្រេចដើម្បីធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Phil Giraldi ធ្វើឡើងដោយផ្អែកលើកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃជាង១១០ពាន់លានដុល្លារ រវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាត ដែលត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ចាត់ទុកថាគឺជាការពង្រឹងសមត្ថភាពយោធា អារ៉ាប៊ីសាអ៊ូឌីត សំដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ មួយវិញទៀត គេគ្រប់គ្នាសុទ្ធតែ ដឹងថាអ៊ីរ៉ង់ ជាបន្លារនៅក្នុងកែវភ្នែកថ្នាក់ ដឹកនាំអាមេរិក ដែលត្រូវតែដកចោលនៅថ្ងៃមួយ ខណៈបច្ចុប្បន្នអ៊ីរ៉ង់កំពុងធ្វើសកម្មភាពជាច្រើនបង្កផលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកនៅ មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ីរ៉ង់ក៏មិនខុសគ្នាពីកូរ៉េខាងជើង ប៉ុន្មានដែរ ពោលគឺសង្រ្គាមជាមួយអ៊ីរ៉ង់ ជាសង្រ្គាមត្រូវប្រើរយៈពេល យូរ៕