(សេអ៊ូល)៖ កងទ័ពកូរ៉េខាងត្បូង បានបាញ់កាំភ្លើងយន្ដជាង៩០គ្រាប់ ជាការព្រមានដល់វត្ថុសង្ស័យម្យ៉ាង ដែលហោះចេញពីព្រំដែនកូរ៉េខាងជើង ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាមកងទ័ពកូរ៉េខាងត្បូង វត្ថុសង្ស័យខាងលើអាចជាយន្ដហោះដ្រូន បានហោះឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ Chorwon ស្ថិតនៅក្នុងខេត្ត Gangwon នៅម៉ោងប្រមាណជា៤រសៀលនេះ។ ព្រមពេលជាមួយគ្នា កងទ័ពកូរ៉េខាងត្បូងបានបាញ់កាំភ្លើងយន្ដ ធុន K-3 ជាង៩០គ្រាប់ជាការព្រមាន ខណៈក្រុមអ្នកជំនាញកំពុងវិភាគថាតើវត្ថុសង្ស័យនោះជាយន្ដហោះដ្រូនឬជាអ្វីផ្សេង។
គួររំលឹកថា កាលពីខែមករាកន្លងទៅ យន្ដហោះដ្រូនរបស់កូរ៉េខាងជើង បានហោះចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ហើយកងទ័ពកូរ៉េខាងត្បូង ក៏បានបាញ់ព្រមានដូចគ្នានេះផងដែរ៕